(ថ្ងៃទី 19 មិថុនា 2012, ម៉ោង 05:32:PM) | ដោយ: បាយ័ន
លោក ស៊ូ ភិរិន្ទ និងលោកឧកញ៉ា សៀង ណាំ ចូលរួមកាត់ដីជិត ៣ ពាន់ហិកតា ពីក្រុមហ៊ុន អ៊ិចសែល ខាស់ថើ ផ្លេនថេសសិន ជូនប្រជាជន ក្នុងភូមិជប់រំដេង និងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ
1 of 3
គំរោងកាត់ដីជិត ៣ ពាន់ហិកតា ខាងលើ គឺធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២នេះ ដែលចូលរួមដោយ លោក ស៊ូ ភិរិន្ទ អភិបាលខេត្ដសៀមរាប និងលោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្ដសៀមរាប ដែលទីតាំងចុះទៅប្រកាសនោះ ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ដែលជាភូមិរបស់ប្រជាពលរដ្ឋកំពុងរស់នៅ ហើយដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនខាងលើ។
លោក ស៊ូ ភិរិន្ទ និងលោកឧកញ៉ា សៀង ណាំ បានទទួលរបាយការណ៍ ពីអាជ្ញាធរឃុំ-ស្រុក ថា ភូមិប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយដីក្រុមហ៊ុន គឺមានភូមិសែនជ័យ និងភូមិជប់រំដេង របស់ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប។
ភូមិសែនជ័យ ត្រូវបានអាជ្ញាធររាយការណ៍ថា មានប្រជាពលរដ្ឋ ចំនួន ៤៦៤ គ្រួសារ និងមានមនុស្ស ១.៨៩០ នាក់ ហើយបានប៉ះពាល់ជាមួយដីក្រុមហ៊ុនចំនួន ៩២៧ ហិកតា។ ដោយឡែកភូមិជប់រំដេង មានប្រជាពលរដ្ឋចំនួន ៧១៦ គ្រួសារ ស្មើនឹង ២.៨០៨ នាក់ បានប៉ះពាល់ជាមួយដីក្រុមហ៊ុន ចំនួន ២.០៥៧ ហិកតា។
ក្រុមហ៊ុន ដែលមានទំនាស់ជាមួយប្រជាពលរដ្ឋ ២ភូមិខាងលើ គឺក្រុមហ៊ុន អ៊ិចសែល ខាស់ថើ ផ្លេនថេសសិន។ ក្រុមហ៊ុននេះ បានទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋ ហើយមក បោះទីតាំងក្រុមហ៊ុនតាំងពីឆ្នាំ២០១០កន្លងទៅ។ ផ្ទៃដីក្រុមហ៊ុនវិនិយោគ មានសរុប ៧.៤៧២ ហិកតា។
ចំពោះទំនាស់ដីធ្លីខាងលើ លោក ស៊ូ ភិរិន្ទ និងលោក សៀង ណាំ ក៏បានឯកភាពជាគោលការណ៍តាមសំណើររបស់ប្រជាពលរដ្ឋ ដែលស្នើមកតាមអាជ្ញាធរឃុំ-ស្រុក ថា នឹងសំរេចឃ្វាលដីចេញពីក្រុមហ៊ុន ទៅតាមសំណើរ ដោយមិនឱ្យបាត់បង់អ្វីឡើយ។
លោកទាំងពីរ ក៏បាននិយាយថា ធ្វើនេះគឺតាមបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាឱ្យខេត្ដ-រាជធានី ទូទាំងប្រទេស ធ្វើយ៉ាងណា ចុះដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ មានសិទ្ធិស្របច្បាប់ចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ដែរថា ក្នុងថ្ងៃនោះមិនឃើញតំណាង ក្រុមហ៊ុនខាងលើ មានវត្ដមាននៅទីនោះឡើយ គឺឃើញតែនាយកតំបន់ការពារសត្វព្រៃគូលែនព្រហ្មទេព ដែលចូលរួម ព្រោះថា ព្រៃដែលកាត់ឱ្យក្រុមហ៊ុនខាងលើ គឺជាព្រៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។
លោក ស៊ូ ភិរិន្ទ និងលោក សៀង ណាំ បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋឈប់បារម្ភពីការសំឡុតគំរាមពីក្រុមហ៊ុន ឬពីអ្នកណាទៀតហើយ គឺប្រជាជនកំពុងរស់នៅលើដីដែលគ្រប់គ្រងសព្វថ្ងៃ គឺបន្ដរស់នៅតទៅទៀត ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធរបស់ខេត្ដចុះមកវាស់វែង ហើយឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋជាក់ស្ដែង នាពេលខាងមុខ។
សូមបញ្ជាក់ដែរថា ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មានផ្ទៃដីសរុបជាង ៤០ ម៉ឺនហិកតា។ ដែនជម្រកមួយនេះ គ្របដណ្ដប់ ជាប់នឹងខេត្ដសៀមរាប, ខេត្ដព្រះវិហារ និងខេត្ដកំពង់ធំ។
ដោយឡែកផ្ទៃដីគូលែនព្រហ្មទេព ដែលជាប់ខេត្ដ សៀមរាប មានចំនួន ៤២.៦៧១ ហិកតា។
ក្នុងចំនួនសរុប ៤២.៦៧១ ហិកតា ដែលស្ថិតនៅក្នុងខេត្ដសៀមរាប បច្ចុប្បន្ន គឺមានក្រុមហ៊ុន ៤ បានធ្វើការវិនិយោគដីព្រៃសម្បទានសេដ្ឋកិច្ចពីរដ្ឋ។
ក្រុមហ៊ុន ទាំង ៤ មានទី១៖ ក្រុមហ៊ុនសេរីមុន្នី វិនិយោគដី ៤.៨១០ ហិកតា ទី២៖ ក្រុមហ៊ុន លី ឈួង វិនិយោគផ្ទៃដី ២.៤២៧ ហិកតា ទី៣៖ ក្រុមហ៊ុន អ៊ិចសែល ខាស់ថើ ផ្លេនថេសសិន វិនិយោគដី ៧.៤៧២ ហិកតា និងក្រុមហ៊ុន ប៊ីវីប៊ី វិនិយោគដី ៣.១៣៧ ហិកតា។
សរុបទាំង ៤ ក្រុមហ៊ុន បានវិនិយោគមានផ្ទៃដី ១៧.៨៤៦ ហិកតា។ ជាមួយគ្នានោះក៏មានសហគមន៍ធម្មជាតិចំនួន ២ ក៏បានគ្រប់គ្រងព្រៃមួយផ្នែកផងដែរ។
គឺទី១៖ សហគមន៍ព្រៃធម្មជាតិ ជប់សោម កាន់កាប់ ផ្ទៃដី ១.៣៤៨ ហិកតា ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន និងសហគមន៍ព្រៃធម្មជាតិក្រមុំបូល កាន់កាប់ផ្ទៃដី ១.៤៩២ ហិកតា ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកស្វាយលើ។
បើសរុបទាំង ៤ ក្រុមហ៊ុន និងការគ្រប់គ្រង ដោយសហគមន៍ធម្មជាតិ ២ ផងនោះ គឺដីព្រៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៅខេត្ដសៀមរាប គឺត្រូវបានកាន់កាប់អស់ចំនួន ២០.៦៨៣ ហិកតា រួចទៅហើយ គឺនៅសល់ប្រមាណតែជាង ២ ម៉ឺនហិកតាប៉ុណ្ណោះ ដែលរដ្ឋកំពុងគ្រប់គ្រង។
ព្រៃខាងលើក្នុងភូមិសាស្ដ្រខេត្ដសៀមរាប និងអស់នៅពេលអនាគតដ៏ខ្លី ប្រសិនបើក្រសួងបរិស្ថាន មានគោលការណ៍អនុញ្ញាតឱ្យឯកជន ចូលមកវិនិយោគ ក្នុងនាមជាដីព្រៃសម្បទានសេដ្ឋកិច្ចទៀតនោះ៕
No comments:
Post a Comment