ដោយ ហង្ស សាវយុត
2012-06-19
អាជ្ញាធរស្រុកស្វាយលើ ចម្ងាយប្រមាណជាង ៧០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប បានស្នើសុំដីសម្បទានសង្គមកិច្ច ប្រមាណជាង ២.៥០០ហិកតារ នៅតំបន់ត្រពាំថ្ម និងអូររូងនៃទឹកដីឃុំតាសៀម។ ការស្នើសុំនេះ ពួកគាត់មានគោលបំណងយកដីទាំងនោះ សម្រាប់បែងចែកឱ្យប្រជាពលរដ្ឋដែលខ្វះខាតដីធ្លីធ្វើស្រែចម្ការ។ក៏ប៉ុន្តែ មានការរិះគន់ថា គម្រោងនៃការបែងចែកដីសម្បទាននោះ គឺប្រជាពលរដ្ឋដែលជាអ្នកក្រីក្រពិតប្រាកដ អាចនឹងទទួលបានតិចតួចជាងមន្ត្រីដែលមានតួនាទីគ្រប់គ្រង នៅក្នុងមូលដ្ឋានទីនោះ។
ក្រុមអ្នកភូមិមួយចំនួនដែលរស់នៅឃុំតាសៀម បានសម្ដែងការព្រួយបារម្ភថា ការបែងចែកដីសម្បទានសង្គមកិច្ច ដែលរដ្ឋាភិបាលបានផ្ដល់ឱ្យនៅពេលខាងមុខ អាចមិនមានតម្លាភាពទេ។ ក្តីព្រួយបារម្ភនេះ ដោយសារពួកគាត់ដឹងថា អាជ្ញាធរ និងសមត្ថកិច្ចខ្លះរបស់មូលដ្ឋាននោះមានឈ្មោះនៅក្នុងបញ្ជី ហើយអាចនឹងទទួលបានផ្ទៃដីច្រើនហិកតារ ច្រើនជាងការកំណត់បែងចែកឱ្យប្រជាពលរដ្ឋទៅទៀត។
លោក ម៉ៅ សារ៉ាត់ ជាសមាជិកក្រុមប្រឹក្សាស្រុកស្វាយលើ មកពីគណបក្ស សម រង្ស៊ី លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃចន្ទ ទី១៨ ខែមិថុនា ថា អាជ្ញាធរកំពុងដើរស្រង់ឈ្មោះប្រជាពលរដ្ឋ ដើម្បីស្នើសុំទៅរដ្ឋាភិបាលឱ្យសម្រេចផ្តល់ដីសម្បទានប្រមាណជាង ២.៥០០ហិកតារ ដោយកាត់ចេញពីតំបន់គ្រប់គ្រងរបស់ក្រុមហ៊ុនឯកជនមួយឈ្មោះ លីយ៉េរ៉ាប់ប៊ើ ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតដីធ្វើកសិកម្ម។ ក៏ប៉ុន្តែ តាមរយៈការស្រង់ឈ្មោះនោះ គេដឹងថា មន្ត្រីរដ្ឋាភិបាលដែលមានតួនាទីគ្រប់គ្រងនៅមូលដ្ឋាននោះខ្លះ អាចនឹងទទួលបានដីជាច្រើនហិកតារ ជាងប្រជាពលរដ្ឋ។
លោក ម៉ៅ សារ៉ាត់៖ «ប្រជាពលរដ្ឋខ្លះទទួលបាន៥ហិកតារ ខ្លះ៣ហិកតារ ២ហិកតារ តែនៅក្នុងដីនោះមានមន្ត្រីនៅសាលាស្រុក ដូចជាមេប៉េអឹម បាន២០ហិកតារជាងឯណោះ ហើយគាត់មានទាំងគ្រឿងចក្រ គ្រឿងអីចូលឈូសឆាយទៀត ហើយមានមន្ត្រីប៉េអឹមមួយទៀតនោះ ក៏ដាក់ឈ្មោះប្រពន្ធ៥ហិកតារ ប្ដី៥ហិកតារ ក្នុងការស្រង់ស្ថិតិដីនោះ ហើយក៏គេប្រមូលយកទិន្នន័យទាំងអស់នោះទៅបូកសរុបសិន។ ខ្ញុំយល់ថា ដូចជាអត់មានតម្លាភាព ព្រោះមន្ត្រីរាជការ ដែលមានអំណាច គេបានច្រើន ហើយប្រជាពលរដ្ឋ គឺបានតិចតួច»។
ទោះយ៉ាងណា អាជ្ញាធរស្រុកស្វាយលើ បានព្យាយាមច្រានចោលការរិះគន់បែបនោះថា គ្រាន់តែជាការយល់ច្រឡំមួយ។
លោក ចៅ សែន ជាអភិបាលស្រុកស្វាយលើ មានប្រសាសន៍ថា មិនមានមន្ត្រីណាបានទទួលដីពីការបែងចែក លើសប្រជាពលរដ្ឋនៅទីនោះទេ។ លោក ចៅ សែន បានបញ្ជាក់ថា អ្នកដែលឃើញមន្ត្រីខ្លះបានទទួលដីជាច្រើនហិកតារនោះ មិនមែនជាកម្មសិទ្ឋិឯកជនឡើយ គឺជាកម្មសិទ្ឋិរបស់អង្គភាព។
លោក ចៅ សែន៖ «អាហ្នឹងកន្លងមក គេមានដីសុំរបស់កន្លែងអង្គភាពវិស្វកម្ម អង្គភាពប៉េអឹម របស់គេ គេខ្វៀលចេញដែរ។ មិនមែនដីរបស់ផ្ទាល់ខ្លួនទេ ប្រជាពលរដ្ឋខ្លះគាត់អត់ដឹងមិនមែនដីរបស់ប៉េអឹម អីទេ ដីគេខ្វៀលចេញពីអង្គភាពដែលគេស្នើសុំ»។
ទោះយ៉ាងណា នៅក្នុងឃុំតាសៀម ដែលជាតំបន់គ្រោងបែងចែកដីសម្បទានសង្គមកិច្ចនោះ គឺគណបក្ស សម រង្ស៊ី ទើបបានជាប់ឆ្នោតជាមេឃុំ ដែលគ្រោងនឹងឡើងកាន់តំណែងនៅពេលខាងមុខ។
លោក សុខ គឹមសេង ជាអនុប្រធានក្រុមប្រឹក្សាការងាររបស់គណបក្ស សម រង្ស៊ី ខេត្តសៀមរាប បានអះអាងថា លោកនឹងជំរុញឱ្យមេឃុំ ដែលមកពីគណបក្សរបស់លោក ចុះធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់ អំពីចំនួនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដើម្បីឱ្យបានទទួលដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាលដ៏ត្រឹម ត្រូវ មិនឱ្យដីសម្បទានទាំងនោះធ្លាក់ទៅក្នុងដៃមន្ត្រីរាជការខ្លះ ដែលមានអំណាចងាយៗនោះទេ៕
No comments:
Post a Comment