Thursday, April 25, 2013

ពលរដ្ឋ​ខណ្ឌ​ទួលគោក​ជំទាស់​នឹង​អាជ្ញាធរ​ថា​គាត់​រស់នៅ​លើ​ទ្រូង​ផ្លូវ ការ​អភិវឌ្ឍ​នានា​ក្នុង​ទីក្រុង​កំពុង​មាន​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។ កន្លែង​ខ្លះ ពួក​គាត់​បាន​តាំង​ទីលំនៅ​ជាង ៣០​ឆ្នាំ​មក​ហើយ ដូចជា​ការ​ពង្រីក​ផ្លូវ​លេខ​៣៤៧ ក្នុង​រាជធានី​ភ្នំពេញ ជាដើម បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​កំពុង​តាំង​លំនៅ​តាម​បណ្តោយ​ផ្លូវ​នោះ។ ដោយ អ៊ុក សាវបូរី 2013-04-25 បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល ស្ដាប់ ឬ ទាញ​យក​សំឡេង ២៤-មេសា-២០១៣៖ ផ្លូវ​លេខ​៣៤៧ ដែល​ពលរដ្ឋ​រស់នៅ​ទល់​មុខ​របង​អតីត​រោងចក្រ​ស្បែក​ជើង​ជីបតុង បច្ចុប្បន្ន​រោងចក្រ​កាត់​ដេរ ស៊ុន ជីអិ។ RFA/Ouk Savobrey ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​៣៤៧ សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក ចំនួន ១៤​គ្រួសារ ជំទាស់​នឹង​ប្លង់​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​គូស​យក​ភូមិ​លេខ​៣ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៤៧ ដោយ​ចោទ​ថា ប្រជាពលរដ្ឋ​នោះ​រស់នៅ​លើ​ទ្រូង​ផ្លូវ។ លោក បញ្ញា ពៅ ពលរដ្ឋ​ភូមិ​លេខ​៣ ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី២៤ ខែ​មេសា ថា អ្នក​ភូមិ​បាន​រងគ្រោះ​ក្រោម​ការ​អភិវឌ្ឍ ដែល​ទើប​កើត​ឡើង​ក្រោយ​ប្រជាពលរដ្ឋ​តាំង​លំនៅ។ លោក​ថា ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខណ្ឌ​ទួលគោក ឈ្មោះ អំ ប៊ុនលី បាន​គូស​យក​ភូមិ​នេះ​ទាំងមូល ដើម្បី​ពង្រីក​ផ្លូវ​លេខ​៣៤៧ ពី​ទទឹង ១០​ម៉ែត្រ ទៅ ៣០​ម៉ែត្រ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ការ​បង្ខំ​បណ្ដេញ​ចេញ​ដោយ​មាន​សំណង​តិចតួច ទើប​នាំ​គ្នា​រៀបចំ​បដិសេធ​ចំពោះ​ប្លង់​គូស​រួច​នោះ៖ «ផ្លូវ​ដែល​យើង​ធ្វើ​ចរាចរណ៍​រាល់​ថ្ងៃ​នេះ គឺ​ទទឹង ១០​ម៉ែត្រ​រួច​ទៅ​ហើយ។ ប៉ុន្តែ​ធាតុ​ពិត នៅ​ក្នុង​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដែល​គាត់​បញ្ជូន​ទៅ​គ្រប់​កន្លែង គឺ​គាត់​ថា​ផ្ទះ​របស់​ប្រជាពលរដ្ឋ គឺ​នៅ​ទ្រូង​ផ្លូវ​បិទ​ជិត មិន​អាច​ធ្វើ​ចរាចរណ៍​បាន។ អីចឹង ពួក​ខ្ញុំ​សុំ​ធ្វើ​សន្និសីទ​កាសែត ដើម្បី​បដិសេធ​ទៅ​លើ​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ហ្នឹង»។ លោកស្រី វ៉ិត សាវ៉ាង ថ្លែង​ថា គាត់​កើត​ឡើង និង​រស់នៅ​ក្នុង​ភូមិ​លេខ​៣ តាំង​ពី​ឆ្នាំ​១៩៨៣ មក។ ទើប​តែ​នៅ​ឆ្នាំ​២០០៧ មាន​ប្លង់​គូស​យក​ភូមិ និង​ផ្ទះ​គាត់ ដាក់​ថា​នៅ​លើ​ទ្រូង​ផ្លូវ​លេខ​៣៤៧ ទៅ​វិញ។ គាត់​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សំណង​តាម​តម្លៃ​ទីផ្សារ​សេរី ប្រសិន​បើ​ចង់​បណ្ដេញ​គាត់​ចេញ​ពី​ផ្ទះ​នោះ៖ «គេ​ថា​យើង​នៅ​លើ​ទ្រូង​ផ្លូវ ហើយ​នៅ​លើ​ចិញ្ចើម​ថ្នល់ ហើយ​នៅ​លើ​ប៉ះពាល់​ដី​រដ្ឋ។ ជាក់ស្តែង ពី​មុន​ពួក​ខ្ញុំ​នៅ​ហ្នឹង​អត់​មាន​ថ្នល់ ពួក​ខ្ញុំ​រ៉ៃ​លុយ​គ្នា​បន្តិច​បន្តួច​ធ្វើ​ផ្លូវ​ធ្វើ​អី។ កាល​ពី​មុន ម្តុំ​នេះ​សុទ្ធ​តែ​លូ សុទ្ធ​តែ​សំរាម និង​គំនរ​សំរាម​ទាំងអស់។ ហើយ​ដល់​រដ្ឋ​ចង់​បាន​ពង្រីក​ផ្លូវ​ហ្នឹង ពួក​ខ្ញុំ​ក៏​អត់​មាន​ថា​ចង់​ប្រឆាំង​ដែរ គ្រាន់​តែ​ថា​សុំ​សំណង​សមស្រប​មក របស់​ខ្ញុំ​តែ​ប៉ុណ្ណឹង​ទេ ខ្ញុំ​មិន​ត្រូវ​ការ​អី​ឡើយ»។ លោកស្រី ឯក ម៉ាលីនណា ថ្លែង​ដែរ​ថា ពលរដ្ឋ​ក្រោយ​ពី​បាន​ឃើញ​ប្លង់​គូស​យក​ភូមិ​លេខ​៣ ដាក់​ចូល​ចំណី​ផ្លូវ អ្នក​ភូមិ​បារម្ភ​ខ្លាច​មាន​ការ​បណ្ដេញ​ចេញ ទើប​នាំគ្នា​តវ៉ា​ប្លង់​នោះ ព្រោះ​កន្លង​មក អ្នក​ភូមិ​នៅ​ខាង​កើត​ផ្លូវ​នេះ បាន​ចាក​ចេញ​ដោយ​ទទួល​សំណង​តែ​ប្រាក់ ៣​លាន​រៀល​ប៉ុណ្ណោះ។ បន្ទាប់​ពី​បណ្ដេញ​អ្នក​ភូមិ​ជាង ៤០​គ្រួសារ ចេញ​អស់​ហើយ ស្រាប់​តែ​មាន​គេ​សង់​ឡើង​នូវ​ផ្ទះ​វីឡា​ស្កឹមស្កៃ។ ហេតុនេះ ពួក​គាត់​នៅ​សល់ ១៤​គ្រួសារ ភ័យ​ខ្លាច​រាជ​រដ្ឋាភិបាល​មិន​ចុះ​ផ្ទាល់ ហើយ​មើល​តែ​តាម​គំនូស​ប្លង់​ដែល​គូស​ដោយ​មន្ត្រី​ខណ្ឌ​ទួលគោក នោះ មក​បណ្ដេញ​គាត់​ចេញ​ដោយ​ផ្តល់​សំណង​មិន​សមរម្យ ទើប​អ្នក​ភូមិ​លើក​គ្នា​ទប់ស្កាត់៖ «ប្រធាន​ភូមិបាល​ខណ្ឌ​ហ្នឹង គាត់​ធ្វើ​របាយការណ៍​បំភ្លៃ​ការ​ពិត​ទៅ​ដល់​ថ្នាក់​លើ ហើយ​ថ្នាក់​លើ​គាត់​អត់​បាន​មក​មើល​ពិនិត្យ​ផ្ទាល់​ទេ អីចឹង​គាត់​ចេះ​តែ​ថា​តាម​អាជ្ញាធរ​មូលដ្ឋាន អត់​បាន​មក​មើល​ប្រជាពលរដ្ឋ​ផ្ទាល់​នឹង​ភ្នែក ថា​ប្រជាពលរដ្ឋ​ហ្នឹង​រស់នៅ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច​ទេ។ អីចឹង គាត់​យក​តាម​អា​គំនូស​ប្លង់​ហ្នឹង អាច​មក​ឈូស​ឆាយ​ផ្ទះ​សម្បែង​របស់​ពួក​ខ្ញុំ»។ ពាក់ព័ន្ធ​ការ​លើក​ឡើង​នោះ លោក អំ ប៊ុនលី ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខណ្ឌ​ទួលគោក បាន​ថ្លែង​ដោយ​មិន​ឲ្យ​អាត់​សំឡេង​ថា គំនូស​ប្លង់​នេះ​ជា​ការ​សម្រេច​គូស​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯ​មន្ត្រី​មូលដ្ឋាន​គ្រាន់​តែ​អ្នក​អនុវត្ត​តាម​ប៉ុណ្ណោះ។ ពាក់ព័ន្ធ​បញ្ហា​នេះ ប្រជាពលរដ្ឋ​នឹង​ធ្វើ​សន្និសីទ​កាសែត​បន្ត​ទៀត នៅ​ថ្ងៃ​ទី២៥ ខែ​មេសា ដើម្បី​បង្ហាញ​ដល់​សាធារណជន​បាន​ដឹង​អំពី​ប្លង់​ដែល​គូស​ពង្រីក​ផ្លូវ​៣៤៧ ប៉ះពាល់​ភូមិ និង​ផ្ទះ​គាត់​កំពុង​រស់នៅ៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment