Tuesday, April 23, 2013

CCHR បើក​យុទ្ធនាការ​គាំទ្រ​​សកម្ម​ជន​​ដី​ធ្លី អ្នកស្រី​យ៉ោម បុប្ផា​ ​ដោយ ស៊ុន ណារិន ថ្ងៃអង្គារ ទី23 មេសា ឆ្នាំ2013 ម៉ោង11:40 អ្នកស្រី យ៉ោម បុប្ផា នៅតុលាការកំពូល (រូបថត ញឹម សុខន) ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) នឹង​បើក​យុទ្ធនាការ​«​សំឡេង​សេរីភាព​» ដើម្បី​​ទាម​ទារ​​ឲ្យ​​ដោះ​លែង​​សកម្ម​ជន​​ដីធ្លី អ្នក​ស្រី​​យ៉ោម បុប្ផា ដែល​​កំពុង​​ជាប់​​ពន្ធនា​គារ​​ព្រៃ​ស​។​ ​អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៣​ឆ្នាំ ពី​​បទ​​បង្ករ​​ហិង្សា​​ដោយ​ចេតនា​លើ​អ្នក​រត់​ម៉ូតូ​ឌុប​​ពីរ​​នាក់​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១២​។ កាលពី​ខែ​មិនា ឆ្នាំ​២០១៣ សកម្ម​​ជន​ដីធ្លី​រូបនេះ ត្រូវបាន​តុលាការ​កំពូល​សម្រេច​​បន្តឃុំ​នៅ​ពន្ធនាគារ ក្រោម​បទ​ចោទ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល​។​ ការផ្តន្ទាទោស​នេះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ អំពាវនាវ​ដោះលែង​សកម្មជន​ដីធ្លី​រូបនោះ ជា​បន្ទាន់​ហើយ​ចោទថា រដ្ឋាភិបាល​ប្រើ​តុលាការ​ទប់ទល់ ជាមួយ​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​តវ៉ា​រឿង​ដីធ្លី​។​ សេចក្តីប្រកាស​ព័ត៌មាន​របស់​CCHR ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៣​ខែ​មេសា​នេះ ឲ្យដឹងថា មជ្ឈមណ្ឌល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បារម្ភ​ពី​ការ​ជាប់​ឃុំ​របស់​អ្នកស្រី យ៉ោម បុប្ផា ផ្ញើ​សារ​ជា​សំឡេង ឬ​សារ​តាមរយៈ​ការហៅ​ទូរ​សព្ទ ដើម្បី​គាំទ្រ តាម​កម្មវិធី​​វិទ្យុ​​ប៉ុស្តិ៍​​១០៥ ជា​រៀងរាល់ថ្ងៃ​អង្គារ ដល់​ថ្ងៃ​ព្រហស្បតិ៍ ចាប់​ពី​​ម៉ោង​​១១ ដល់​១២​ថ្ងៃត្រង់​។ យុទ្ធនាការ​នេះ នេះ​ធ្វើ​រហូតដល់​មាន​​ការដោះលែង​អ្នកស្រី​យ៉ោម បុប្ផា​។​ មជ្ឈមណ្ឌល ក៏​នឹង​ដាក់​បង្ហាញ​បដា​នៅ​ខាង​មុខ​ការិយាល័យរ​បស់​ខ្លួន ដើម្បី​រាប់​ថ្ងៃ ដែល​អ្នកស្រី យ៉ោម បុប្ផា ជាប់ពន្ធនាគារ​។ ​អ្នកសម្របសម្រួល​គម្រោង​អ្នកការពារ​សិទ្ធិ​មនុស្ស លោក សួន ប៊ុនធឿន មានប្រសាសន៍ថា យុទ្ធនាការ​នេះ នឹង​អាចជួយ​នាំយក​មក​នូវ​យុត្ត​ធម៌​សម្រាប់​ករណី​អ្នកស្រី យ៉ោម បុប្ផា ហើយ​ការចោទប្រកាន់​លើ​អ្នកស្រី នឹង​ត្រូវ​ទម្លាក់​នៅក្នុង​សាលាឧទ្ធរណ៍​។​ កាលពី​ចុងខែ​មិនា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(HRW) ជំរុញ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​បឹងកក់​ជាបន្ទាន់ ដោយ​ឥត​លក្ខខណ្ឌ​។​ ​តែ​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា អ្នកស្រី យ៉ោម បុប្ផា បាន​វាយដំ​លើ​អ្នក​រត់​ម៉ូតូ ដែល​តុលាការ​ត្រូវ​​កាត់​ទោស​​តាម​ច្បាប់​។ លោកនាយក​រដ្ឋមន្ត្រី​បន្តថា ការ​ដែល​សង្គម​ស៊ីវិល បង្វែរ​រឿង​ព្រហ្មទណ្ឌ​របស់​អ្នកស្រី​យ៉ោម បុប្ផា ថា​ជា​ករណី​បង្ក្រាប​សកម្ម​ជ​ដីធ្លី​នោះ ជា​រឿង​អយុត្តិធម៌​សម្រាប់​រដ្ឋាភិបាល​៕

No comments:

Post a Comment