អ្នកបឹកកក់សូត្រមន្តអបអរអ្នកស្រី ទេព វន្នី ដែលទទួលពានរង្វាន់
ដោយ សុ ជីវី
2013-04-14
2013-04-14
ពលរដ្ឋដែលមានបញ្ហាដីធ្លី ជាពិសេសអ្នកភូមិបឹងកក់ ចាត់ទុកពានរង្វាន់ដែលប្រគល់អោយតំណាងពួកគាត់ ថាជាគ្រឿងលើកទឹកចិត្តក្នុងការតស៊ូ ដើម្បីការពារសិទ្ធិលំនៅឋាន និងការទាមទារអោយដោះលែងតំណាងពួកគាត់ គឺអ្នកស្រី យ៉ោម បុប្ផា ពីពន្ធនាគារ។
ក្នុងពិធីសូត្រមន្ត ដោយមាននិមន្តព្រះសង្ឃចំនួន ២៧អង្គចូលរួម និងប្រលែងចាបចំនួន២៧ ដែរនោះ អ្នកបឹងកក់ មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ពានរង្វាន់ចំនួន២ ដែលអ្នកស្រី ទេព វន្នី តំណាងអ្នកបឹងកក់ ទើបទទួលបានពីសហរដ្ឋអាមេរិក និងប្រទេសហុឡង់ដ៍ បានជំរុញលើកទឹកចិត្តពួកគាត់អោយមានកម្លាំងចិត្តក្នុងការតស៊ូទាមទារសិទ្ធិ ក្នុងនាមជាពលរដ្ឋក្នុងប្រទេសប្រជាធិបតេយ្យ៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដោយសារបានរង្វាន់នេះលើកស្ទួយស្ត្រីការតស៊ូនៅតំបន់បឹងកក់។ ប្រឹងប្រែងតស៊ូទៅមុខទៀត ដើម្បីយុត្តិធម៌ ទាមទារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស។ ប៉ងប្រាថ្នាជាងគេ គឺសេរីភាពអោយមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ហើយនិងមានការដោះស្រាយជូនប្រជាពលរដ្ឋផ្តល់ប្លង់កម្មសិទ្ធិ ៦៤គ្រួសារហ្នឹង។ សូមទេវតាឆ្នាំថ្មី ជួយបណ្ដាលចិត្តអោយមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា នៅក្នុងឆ្នាំនេះ»។
អ្នកស្រី ទេព វន្នី ដែលបានវិលត្រឡប់ពីទទួលពានរង្វាន់ អោយដឹងថា ពានរង្វាន់ដែលអ្នកស្រីទទួលបាន គឺជាលទ្ធផលនៃការខិតខំរបស់ពលរដ្ឋទាំងអស់ក្នុងសហគមន៍ និងការគាំទ្រពីសហគមន៍។ អ្នកស្រីបន្តថា ពានរង្វាន់ទាំងនេះ គឺសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់ស្ត្រីដែលហ៊ានតស៊ូ ដើម្បីការពារដីធ្លី ផ្ទះសម្បែង។ អ្នកស្រីស្នើអោយអាជ្ញាធរទទួលស្គាល់ការតវ៉ាអហិង្សា និងដោយសន្តិវិធីរបស់ពលរដ្ឋថា ជាផ្នែកមួយជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ «សម្រាប់ខ្ញុំ គឺខ្ញុំចង់អោយថ្នាក់ដឹកនាំរបស់ខ្លួនឯងហ្នឹង គឺគាត់ផ្តល់នូវយុត្តិធម៌ ដំណោះស្រាយដល់ពួកខ្ញុំ ដោយគុណធម៌ និងសីលធម៌ ផ្តល់ភាពកក់ក្តៅដល់ពួកយើងទាំងអស់គ្នា នេះជាអ្វីដែលពួកខ្ញុំចង់បានបន្ថែមពីលើពានដែលពួកខ្ញុំទទួលបានពីប្រទេសហុឡង់ដ៍ និងពីសហរដ្ឋអាមេរិក»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ការផ្ដល់ពានរង្វាន់ដល់តំណាងអ្នកបឹងកក់ គឺពុំមានអ្វីគួរអោយភ្ញាក់ផ្អើលទេ ដ្បិតនោះគឺជាការងាររបស់អង្គការបរទេសមួយចំនួន ដែលគាំទ្រអ្នកធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល។ យ៉ាងណា លោកទទួលស្គាល់ថា ការតវ៉ាដែលធ្វើឡើងដោយស្របច្បាប់ គឺជាសិទ្ធិសេរីភាពនៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ៖ «ការតវ៉ារបស់ពួកគាត់នេះ ក៏ជាមោទនភាពរបស់យើង ដើម្បីបង្ហាញអោយឃើញថា ប្រទេសយើងគោរពអនុវត្តលទ្ធិប្រជាសេរីត្រឹមត្រូវ ប៉ុន្តែប្រទេសណាក៏ដោយ ប្រជាធិបតេយ្យ ឬក៏ភាពសេរីរបស់គាត់ វាត្រូវនៅក្រោមច្បាប់ បើគាត់ធ្វើខុសច្បាប់ គឺមិនអាចទៅរួចទេ»។
កាលពីសប្ដាហ៍មុន តំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី ទទួលបានពានរង្វាន់កិត្តិយស "ភាពជាមេដឹកនាំពិភពលោក" របស់អង្គការវ៉ាយថល វ៉យស៍ (Vital Voices)។ អង្គការវ៉ាយថល វ៉យស៍ ជ្រើសរើសអ្នកស្រី ដោយសារតែភាពក្លាហានប្រកបដោយថាមពលក្នុងការដឹកនាំតវ៉ាប្រឆាំងនឹងក្រុមហ៊ុន និងរដ្ឋាភិបាល ទាមទារសិទ្ធិមានលំនៅឋានសមរម្យ ដោយមិនសុខចិត្តឲ្យការរំលោភបំពានអាចធ្វើទៅបានដោយគ្មានការទទួលខុសត្រូវ។ ឯកាលពីចុងខែមីនា អ្នកស្រីក៏ទទួលបានពានរង្វាន់ អ្នកការពារសិទ្ធិមនុស្ស ឈ្មោះថា មេអំបៅមាស នៅប្រទេសហុឡង់ដ៍ ក្រោយពេលខ្សែភាពយន្តឯកសារស្ដីពីការបង្ខំបណ្ដេញចេញនៅតំបន់បឹងកក់ ឈ្មោះថា សូម្បីតែបក្សីក៏ត្រូវការសម្បុក ត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្ត៕
No comments:
Post a Comment