ប៉េអិម៣រូបរៀបចំពាក្យបណ្ដឹងប្ដឹងលោកស្នងការក្រុងពីបទប្រើហិង្សា
ដោយ ទីន ហ្សាការីយ៉ា
2013-02-05
ការិយាល័យសន្តិសុខព័ត៌មាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងរៀបចំសំណុំរឿងប្ដឹងទៅតុលាការ រឿងលោកស្នងការរាជធានីភ្នំពេញ បានប្រើអំពើហិង្សាលើមន្ត្រីកងរាជអាវុធហត្ថ ៣រូប ដើម្បីឲ្យតុលាការចាត់វិធានការទៅតាមផ្លូវច្បាប់។
កងរាជអាវុធចំនួន ៣រូប បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅតុលាការរាជធានីភ្នំពេញ ពីបទ ស្នងការរាជធានីភ្នំពេញ បានប្រើអំពើហិង្សាលើពួកគាត់ នៅពេលបំពេញបេសកកម្មនៃព្រះរាជពិធីរៀបចំថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី៣ កុម្ភៈ នោះ។
លោកអនុសេនីយ៍ឯក វង្ស ប៊ុណ្ណា និងជាជំនួយការសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៥ កុម្ភៈ ថា មូលហេតុដែលពួកគាត់សម្រេចចិត្តដាក់ពាក្យប្ដឹងលោកស្នងការរាជធានីភ្នំពេញ ទៅតុលាការនេះ ដោយសារតែពួកគាត់គ្មានកំហុសអ្វីទេ។
លោកបញ្ជាក់ថា ខណៈលោកបំពេញបេសកកម្មនៅក្បែរព្រះបរមរាជវាំង កំពុងទប់ស្កាត់ប្រជាពលរដ្ឋច្រើនកុះករមិនឲ្យចូលទៅក្នុងទីលានវាលព្រះបរមមេរុ ស្រាប់តែលោក ជួន សុវណ្ណ បានប្រើអំពើហិង្សាលើពួកគាត់នៅក្នុងចំណោមមនុស្សច្រើន ដែលជាជារឿងមិនសមរម្យក្នុងនាមជាកម្លាំងសមត្ថកិច្ចការពារពិធីបុណ្យដូចគ្នា។
លោក ជួន សុវណ្ណ៖ «ដូចខ្ញុំបញ្ជាក់ថា ក្នុងនាមជាមេបញ្ជាការរឿងអីត្រូវប្រើប្រាស់ហិង្សាទៅលើកងកម្លាំងខ្លួនឯង តើការបញ្ជាកម្លាំងឲ្យបំពេញការងារឲ្យកម្លាំងនោះរៀបចំ ព្រោះសិទ្ធិរបស់បញ្ជាការ វាអត់រឿងអីក្រៅពីហ្នឹងទេ»។
លោក វង្ស ប៊ុណ្ណា អះអាងថា មន្ត្រីកងរាជអាវុធហត្ថពីររូបទៀត ដែលលោក ជួន សុវណ្ណ បានប្រើអំពើហិង្សាដែរនោះ រួមមានឈ្មោះ ស៊ឹម ឡុងហេង និងឈ្មោះ អ៊ុន ប៊ុនថុន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានទេ នៅថ្ងៃទី៥ កុម្ភៈ ពីព្រោះជំនួយការរបស់លោកប្រាប់ថា លោក ជួន សុវណ្ណ ជាប់ប្រជុំ។ ប៉ុន្តែលោក ជួន សុវណ្ណ បានឲ្យវិទ្យុអាស៊ីសេរី ដឹងកាលពីថ្ងៃទី៣ កុម្ភៈ ថា លោកមិនបានប្រើអំពើហិង្សាទៅលើមន្ត្រីកងរាជអាវុធហត្ថទាំងបីរូបនោះទេ។ លោក ជួន សុវណ្ណ បញ្ជាក់ថា លោកគ្រាន់តែដឹកនាំបញ្ជាកម្លាំងសមត្ថកិច្ចនៅទីនោះ ដើម្បីរក្សាសន្តិសុខឲ្យពលរដ្ឋមានសុវត្ថិភាព និងមានរបៀបរៀបរយពេលចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅក្នុងព្រះបរមមេរុ។
លោក ជួន សុវណ្ណ៖ «ដូចខ្ញុំបញ្ជាក់ថា ក្នុងនាមជាមេបញ្ជាការរឿងអីត្រូវប្រើប្រាស់ហិង្សាទៅលើកងកម្លាំងខ្លួនឯង តើការបញ្ជាកម្លាំងឲ្យបំពេញការងារឲ្យកម្លាំងនោះរៀបចំ ព្រោះសិទ្ធិរបស់បញ្ជាការ វាអត់រឿងអីក្រៅពីហ្នឹងទេ»។
ទោះបីជាយ៉ាងនេះក្ដី លោក វង្ស ប៊ុណ្ណា បានចោទប្រកាន់ថា បន្ទាប់ពីលោក ជួង សុវណ្ណ បានប្រើអំពើហិង្សាលើពួកគាត់រួច លោកស្នងការបានបញ្ជាកូនចៅរបស់ខ្លួនយកខ្នោះដៃចងមកដាក់ពួកលោក ប៉ុន្តែត្រូវបានថ្នាក់លើរបស់លោកមកអន្តរាគមន៍ទាន់។
មន្ត្រីនាំពាក្យនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ឯក ខេង ទីតូ មានប្រសាសន៍ថា ការរៀបចំរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខនៃព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពអតីតព្រះមហាក្សត្រ នៅក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ ក្រុមសមត្ថកិច្ចទាំងអស់រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់បានល្អ។ លោកបញ្ជាក់ថា នៅក្រោយពេលព្រះរាជពិធីថ្វាយព្រះភ្លើងនេះចប់សព្វគ្រប់ អង្គភាពរបស់លោកនឹងបើកអង្គប្រជុំដើម្បីរកចំណុចខ្វះខាត និងដកពិសោធន៍នូវអ្វីដែលខ្វះខាត ដើម្បីកែប្រែឲ្យល្អសម្រាប់រៀបចំពិធីផ្សេងៗទៀតនៅពេលខាងមុខ៕
No comments:
Post a Comment