Monday, February 4, 2013


មេ​នគរបាល​រាជធានី​​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​មន្ត្រី​ប៉េអិម​២​នាក់

2013-02-03
លោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង​ការ​ចោទ​ប្រកាន់​ថា ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​មន្ត្រី​កងរាជអាវុធហត្ថ ២​នាក់ នៅ​ជិត​ព្រះ​បរម​មេរុ។
RFA/Sok Serey
ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​នគរបាល​រាជធានី​ភ្នំពេញ សម្រាប់​ខែ​មករា ឆ្នាំ​២០១៣ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៣។
សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ឲ្យ​ដឹង​ថា រឿងរ៉ាវ​នោះ​កើត​ឡើង​ដោយសារ​តែ​លោក​ស្នងការ ជួន សុវណ្ណ ខឹងសម្បា​នឹង​មន្ត្រី​ប៉េអិម​ដែល​មិន​អាច​ហាម​ឃាត់​ពលរដ្ឋ​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​បរម​សព​នៅ​វាល​ព្រះ​បរម​មេរុ​បាន។
មន្ត្រី​ជាន់​ខ្ពស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ដឹង​ថា មន្ត្រី​អាវុធហត្ថ​ពីរ​នាក់​ត្រូវ​បាន​ឧត្ដមសេនីយ៍ឯក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ប្រើ​កណ្ដាប់ដៃ និង​កែង​វាយ​ទៅ​ដង​ខ្លួន និង​កញ្ចឹង​ក នៅ​ពេល​ដែល​ពួក​គេ​ចុះ​បំពេញ​បេសកកម្ម​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​នៅ​ខាង​កើត​ឆៀង​ខាង​ត្បូង​ព្រះ​បរម​មេរុ។
មន្ត្រី​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ឧត្ដមសេនីយ៍ឯក ខេង ទីតូ នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៣ មាន​ប្រសាសន៍​ថា រឿងរ៉ាវ​នេះ​កើត​ឡើង​ដោយសារ​តែ​មន្ត្រី​រាជ​អាវុធហត្ថ​ប្រចាំ​ការ​នៅ​គោលដៅ​នោះ មិន​អាច​ឃាត់ឃាំង​ប្រជាពលរដ្ឋ​ច្រើន​ដែល​ចង់​ចូល​ទៅ​ព្រះ​បរម​មេរុ​ច្រើន​ពេក និង​មាន​អ្នក​ខ្លះ​ផ្លោះ​រនាំង​របស់​សមត្ថកិច្ច​ចូល​ទៅ​ក្នុង​ព្រះ​បរម​មេរុ បណ្ដាល​ឲ្យ​លោក ជួន សុវណ្ណ ខឹង ក៏​ប្រើ​ហិង្សា​តែម្ដង។
លោក ខេង ទីតូ បញ្ជាក់​ថា ការ​ប្រើប្រាស់​ហិង្សា​របស់​លោក​ស្នងការ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ​ទេ៖ «មិន​ដឹង​គាត់​ខឹង​អី គាត់​ប្រើ​ហិង្សា​នៅ​មុខ​មហាជន​តែម្ដង គួរ​ឲ្យ​សោក​ស្ដាយ​ដែរ។ ខ្ញុំ​អត់​មាន​រឿង​អី​ត្រូវ​សួរ​នាំ​លោក​ស្នងការ​ហ្នឹង​ផង ព្រោះ​លោក​ស្នងការ​ហ្នឹង​គាត់​ធ្វើ​អី​គាត់​ដឹង​ខ្លួន​ហើយ។ យើង​គ្រាន់​តែ​មាន​ការ​អត់ធ្មត់ យើង​ប្រាប់​គ្នា​យើង​ឲ្យ​មាន​ការ​អត់ធ្មត់​តែប៉ុណ្ណឹង កុំ​ឲ្យ​មាន​ការ​ខឹង​សម្បា​អី ជា​ជំហាន​ដំបូង​យើង​បញ្ជូន​ទាំង​ពីរ​នាក់​ហ្នឹង​មក​ធ្វើ​ការ​សាកសួរ និង​របាយការណ៍​បំភ្លឺ»
លោក ខេង ទីតូ បញ្ជាក់​ថា អាវុធហត្ថ​មិន​ទាន់​មាន​វិធានការ​យ៉ាង​ណា​ជុំវិញ​ករណី​នេះ​នៅ​ឡើយ ដោយសារ​តែ​រវល់​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ក្នុង​ថ្វាយ​ព្រះ​ភ្លើង និង​ព្រះរាជ​ពិធី​កាន់​ទុក្ខ​ព្រះ​បរម​រតន​កោដ្ឋ។
ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា មន្ត្រី​អាវុធហត្ថ​ដែល​ត្រូវ​រង​ការ​វាយ​ប្រហារ មាន​ម្នាក់​ឈ្មោះ វង់ ប៊ុណ្ណា តួនាទី​ជា​ជំនួយ​ការ​សេនាធិការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​គេ​មិន​ស្គាល់​ឈ្មោះ​ទេ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អាវុធ​ទាំង​ពីរ​នាក់ ដើម្បី​រៀបរាប់​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៣។
ទាក់ទង​នឹង​បញ្ហា​នេះ លោក​ផ្កាយ​បី ជួន សុវណ្ណ ឆ្លើយ​បំភ្លឺ​ថា គឺ​លោក​គ្រាន់​តែ​ដឹកនាំ​បញ្ជា​កម្លាំង​សមត្ថកិច្ច​នៅ​ទី​នោះ ដើម្បី​រក្សា​សន្តិសុខ​ប៉ុណ្ណោះ មិន​បាន​ប្រើប្រាស់​ហិង្សា​នោះ​ទេ។
លោក​បន្ត​ថា ការងារ​សំខាន់​គឺ​លោក​ចង់​ឲ្យ​ពលរដ្ឋ​មាន​សុវត្ថិភាព និង​មាន​របៀប​រៀប​រយ​ពេល​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​នៅ​ក្នុង​ព្រះ​បរម​មេរុ។
លោក ជួន សុវណ្ណ៖ «ដូច​ខ្ញុំ​បញ្ជាក់​ថា ក្នុង​នាម​ជា​មេបញ្ជាការ​រឿង​អី​ត្រូវ​ប្រើប្រាស់​ហិង្សា​ទៅ​លើ​កង​កម្លាំង​ខ្លួន​ឯង។ តើ​ការ​បញ្ជា​កម្លាំង​ឲ្យ​បំពេញ​ការងារ ឲ្យ​កម្លាំង​នោះ​រៀបចំ... ព្រោះ​សិទ្ធិ​របស់​បញ្ជាការ​វា​អត់​រឿង​អី​ក្រៅ​ពី​ហ្នឹង​ទេ»
ទោះ​ជា​យ៉ាង​ណា​ក្តី ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា លោក​ស្នងការ​វាយ​ទៅ​លើ​ប៉េអិម​ដោយសារ​តែ​ឃើញ​ពលរដ្ឋ​ចូល​គោរព​បរម​សព​មិន​មាន​របៀប​រៀបរយ ហើយ​ប្រហែល​ជា​លោក​ស្នងការ​គាត់​យល់​ថា ប៉េអិម​ជា​អ្នក​បើក​ដៃ​ឲ្យ​ពលរដ្ឋ​ចូល តែ​តាម​ពិត​ប្រជាពលរដ្ឋ​ចូល​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ប្រភព​បន្ត​ថា មុន​ដំបូង​លោក ជួន សុវណ្ណ វាយ​លើ​ដង​ខ្លួន​ប៉េអិម​ម្នាក់ បន្ទាប់​មក​ប៉េអិម​ម្នាក់​ទៀត​ចូល​ទៅ​និយាយ​ឃាត់ ក៏​វាយ​អ្នក​ទី​២​ទៀត។
រយៈពេល ៣​ថ្ងៃ​មក​នេះ មាន​មនុស្ស​ម្នា​ជា​ច្រើន​ម៉ឺន​នាក់​នាំ​គ្នា​ចូល​ទៅ​គោរព​ព្រះ​បរម​សព​ព្រះ​បរម​រតន​កោដ្ឋ រហូត​ដល់​អាជ្ញាធរ​ដាក់​បម្រាម និង​រនាំង​លួស​បន្លា​ការពារ និង​របង​ដែក ព្រម​ទាំង​ពង្រាយ​កម្លាំង​ការពារ​រាប់​ម៉ឺន​នាក់ ដើម្បី​រាំង​ផ្ទប់​មិន​ឲ្យ​ពលរដ្ឋ​សម្រុក​ចូល​ច្រើន​ទៀត​ផង៕

No comments:

Post a Comment