Friday, January 4, 2013


អ្នក​បុរី​កីឡា​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ

http://www.youtube.com/watch?v=-bKF6wFilkE
អ្នក​ភូមិ​បុរី​កីឡា ១០៩ គ្រួសារ បាន​រៀបចំ​ពិធី​បុណ្យ​ផ្កា​សាមគ្គី និង​រំលឹក​ខួប ១​ឆ្នាំ​នៃ​ការ​រុះរើ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​សំណាក់​អាជ្ញាធរ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៣។

អ្នក​ភូមិ​បុរី​កីឡា​នៅ​តែ​បន្ត​ការ​ទាមទារ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ ផានអ៊ីម៉ិច គោរព​តាម​កិច្ចសន្យា ដោយ​សង់​អាគារ​ឲ្យ​បាន​គ្រប់ ១០ តាម​ការ​សន្យា​ជាមួយ​សហគមន៍។

រយៈពេល​មួយ​ឆ្នាំ​ហើយ​ដែល​អ្នក​ភូមិ​បុរី​កីឡា​ជាង ១០០​គ្រួសារ នៅ​តែ​បន្ត​រស់​នៅ​ក្រោម​ជណ្ដើរ​នៃ​អាគារ និង​ខ្លះ​រស់​នៅ​ក្នុង​តង់​លើ​គំនរ​សំរាម រង់ចាំ​ដោះស្រាយ​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច។
ក្នុង​ពិធី​បុណ្យ​ផ្កា​សាមគ្គី និង​រំលឹក​ខួប ១​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៣ តំណាង​អ្នក​ភូមិ​បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ថ្លែង​ថា ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​ក្រុមហ៊ុន​ដែល​បាន​កំទេច​ផ្ទះ​របស់​ពលរដ្ឋ​ សហគមន៍​បុរី​កីឡា​ដោយ​គ្មាន​សំណង​សមរម្យ។
អ្នកស្រី ឆាយ គឹមហ៊ន៖ «ពួក​ខ្ញុំ​មក​ដល់​សព្វថ្ងៃ​នេះ បាត់បង់​មុខ​របរ​កូនៗ បាត់​បង់​ការ​សិក្សា ហើយ​ខ្ញុំ​អត់​ចង់​ឲ្យ​មាន​ភាព​ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​អយុត្តិធម៌​យ៉ាង​ នេះ​ទេ។ អ្វី​ដែល​ចង់​បាន គឺ​ចង់​ឲ្យ​ក្រុមហ៊ុន​គោរព​នូវ​កិច្ចសន្យា​មក គឺ​សង់​ចំនួន ១០ ឲ្យ​ពួក​ខ្ញុំ​មក»
តំណាង​អ្នក​ភូមិ​បុរីកីឡា​ដដែល​បន្ត​ថា បច្ចុប្បន្ន​ពលរដ្ឋ​សហគមន៍​ចំនួន ១០៩​គ្រួសារ​ដែល​មិន​ទាន់​ទទួល​សំណង​ពី​ក្រុមហ៊ុន​រស់​នៅ​ក្រោម​ជណ្ដើរ​ អាគារ និង​ខ្លះ​រស់​នៅ​លើ​គំនរ​សំរាម ហើយ​ទទួល​រង​នៃ​ការ​ភ័យ​ខ្លាច​ពី​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​លើ​អាគារ បាន​ចោល​សំរាម​កង្វក់​ស្អុយ​រលួយ និង​កន្ទុយ​បារី​បោះ​លើ​ដំបូល​តង់។
ក្នុង​ពិធី​រំលឹក​ខួប​មួយ​ឆ្នាំ​អ្នក​ភូមិ​បុរី​កីឡា បាន​ប្រារព្ធ​ពិធី​ក្រុងពាលី និង​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត និង​រាប់បាត្រ។ ក្នុង​នោះ​ក៏​មាន​អ្នក​ភូមិ​បុរីកីឡា​ខ្លះ ដាក់​តាំង​រូបភាព ខ្លះ​ចាក់​ខ្សែ​វីដេអូ​ឯកសារ​នៃ​ការ​ឈូស​កម្ទេច​ផ្ទះ​របស់​សហគមន៍ ដើម្បី​រំលឹក និង​បង្ហាញ​ពី​ការ​ឈឺ​ចាប់។
ក្រុម​អាជ្ញាធរ​បាន​ព្យាយាម​ហាម​ឃាត់ រារាំង​មិន​ឲ្យ​អ្នក​ភូមិ​បុរីកីឡា​ចាក់​ខ្សែ​វីដេអូ​នោះ​ទេ ប៉ុន្តែ​ការ​ហាម​ឃាត់​នោះ​បរាជ័យ។
ចៅ​សង្កាត់​រង​វាលវង់ លោក សេង ជី ពន្យល់​ថា អ្នក​ភូមិ​បុរីកីឡា បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​រៀបចំ​ពិធី​បុណ្យ​ផ្កា​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​ជួយ​អ្នក​ក្រីក្រ​ក្នុង​សហគមន៍​បុរីកីឡា។
លោក​បន្ត​ថា ការ​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​របស់​អ្នក​ភូមិ អ្នក​ភូមិ​អាច​រំលឹក​បាន ប៉ុន្តែ​មិន​ត្រូវ​យក​ខ្សែ​វីដេអូ​នៃ​ព្រឹត្តិការណ៍​នោះ​មក​ចាក់​បញ្ចាំង​ បាន​ទេ ដើម្បី​កុំ​ឲ្យ​ល្អក់​កករ​ក្នុង​ពិធី​បុណ្យ​នេះ៖ «ក្នុង​នាម​ ខ្ញុំ​ជា​អាជ្ញាធរ ខ្លាច​ប៉ះ​ទង្គិច​បញ្ហា​បង​ប្អូន​ទាំង​ពីរ​ភាគី​នេះ អ៊ីចឹង​ខ្ញុំ​ទៅ​សំណូមពរ​ឲ្យ​គាត់​សូម​ឲ្យ​គាត់​ផ្អាក​ចាក់​អា​ហ្នឹង​ទៅ។ គាត់​រំលឹក​ការ​អី​ជា​រឿង​របស់​គាត់ ប៉ុន្តែ​មិន​អាច​យក​មក​ចាក់​ល្អក់​កករ​នៅ​ក្នុង​បុណ្យ​របស់​គេ​ទេ»
ជុំវិញ​បញ្ហា​នេះ លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន យល់​ឃើញ​ថា ការ​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​នេះ គឺ​ជា​ឱកាស​មួយ​យ៉ាង​ល្អ​សម្រាប់​ឲ្យ​អ្នក​ភូមិ​បុរីកីឡា បង្ហាញ​ពី​ការ​ឈឺ​ចាប់​ឲ្យ​រាជរដ្ឋាភិបាល ដើម្បី​ដាក់​សម្ពាធ​ទៅ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឲ្យ​ដោះស្រាយ​សំណង​ឲ្យ​ពួក​គាត់​ចប់​សព្វគ្រប់ កុំ​ឲ្យ​ពួក​គាត់​រស់​នៅ​វេទនា​ក្រោម​ជណ្ដើរ និង​តង់​លើ​គំនរ​សំរាម​ទៀត។
លោក សៀ ភារម្យ៖ «ពួក​គាត់​ត្រូវ​ការពារ​ទ្រព្យ​សម្បត្តិ​ក្នុង​ខ្ទម​ របស់​គាត់ ពុំ​មាន​ឱកាស​ចេញ​ទៅ​រក​ស៊ី អ៊ីចឹង​គាត់​ជួប​ការ​លំបាក​ច្រើន។ ក្មេង​មួយ​ចំនួន​ត្រូវ​បាន​បោះ​បង់​ការ​សិក្សា ដោយសារ​តែ​ឪពុក​ម្តាយ​ជួប​ការ​លំបាក​ច្រើន។ គិត​ថា រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការ​ពិចារណា ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួក​គាត់​ទៅ​តាម​កិច្ចសន្យា​ដែល​មាន​ចែង​ ក្នុង​កិច្ច​ព្រមព្រៀង​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន»
កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ កន្លង​ទៅ ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​ប្រើ​គ្រឿង​ចក្រ និង​កង​កម្លាំង​ប្រដាប់​អាវុធ ឈូស​ឆាយ​កម្ទេច​ផ្ទះ​សំបែង​របស់​អ្នក​ភូមិ​បុរីកីឡា។ អ្នក​រស់​នៅ​បុរីកីឡា​ចំនួន ៣៨៤ គ្រួសារ ​ត្រូវ​បាន​ក្រុមហ៊ុន​​ផានអ៊ីម៉ិច និង​អាជ្ញាធរ បណ្តេញ​ឲ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំបាត ក្នុង​ខេត្ត​កណ្តាល និង​មួយ​ចំនួន​បញ្ជូន​​ទៅ​រស់​នៅ​ទួលសំបូរ ​ក្បែរ​ពន្ធនាគារ​ព្រៃស។
បច្ចុប្បន្ន​នៅ​សល់​ពលរដ្ឋ​បុរីកីឡា​ចំនួន ១០៩​គ្រួសារ នៅ​មិន​ទាន់​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន និង​ព្យាយាម​ស្នើ​សុំ​ឲ្យ​មាន​ការ​សាងសង់​ផ្ទះល្វែង​បន្ថែម​ចំនួន ២​អគារ​ថែម​ទៀត នៅ​បុរីកីឡា ដើម្បី​ផ្តល់​ឲ្យ​អ្នក​ដែល​ត្រូវ​បណ្តេញ​ចេញ​បាន​ចូល​រស់​នៅ​ដូច​ការ​សន្យា​ ពី​មុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment