Friday, January 4, 2013


ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា

2013-01-04
ក្រុមហ៊ុន​ចិន ជា​ច្រើន​បាន​មក​វិនិយោគ​ដោយ​សារ​តែ​កម្ពុជា មាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ តម្លៃ​ពលកម្ម​ថោក និង​ភាព​លៃលក​ទទួល​បាន​ធនធាន​ធម្មជាតិ​ជាដើម។
RFA/Sok Serey
៣១-ធ្នូ-២០១២៖ តំណាង​ក្រុមហ៊ុន​ចិន ២ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​ពី​កោះកុង​ទៅ​ព្រះវិហារ និង​សាងសង់​រោងចក្រ​ស្ល​ដែក​នៅ​ខេត្ត​ព្រះវិហារ នា​រាជធានី​ភ្នំពេញ។
ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​អះអាង​ថា ការ​កើន​ឡើង​នៃ​ក្រុមហ៊ុន​វិនិយោគ​ចិន នេះ នឹង​មិន​ផ្ដល់​ភាព​ត្រឹមត្រូវ​សម្រាប់​ការ​អភិវឌ្ឍ​ឡើយ ទោះ​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា​ការ​វិនិយោគ​ចិន បាន​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច ទន្ទឹម​នឹង​ប្រទេស​បាន​ដាក់​លក្ខខ័ណ្ឌ​លម្អិត​ជាង​មុន ដែល​ត្រូវ​សិក្សា​មុន​នឹង​ចាប់​ផ្ដើម​គម្រោង​វិនិយោគ​នៅ​កម្ពុជា។
ប្រទេស​ចិន ជា​អ្នក​វិនិយោគ​ដ៏​សំខាន់​នៅ​ប្រទេស​កម្ពុជា ដែល​តំណាង​ឲ្យ​ជិត​ពាក់​កណ្ដាល​នៃ​ការ​វិនិយោគ​បរទេស​សរុប។ ការ​វិនិយោគ​ដោយ​ផ្នែក​របស់​ប្រទេស​ចិន គឺ​ភាគ​ច្រើន​ផ្ដោត​លើ​ផ្នែក​ការ​អភិវឌ្ឍ​ធនធាន​ធម្មជាតិ ប្រេង ការ​រុក​រក​រ៉ែ ថាមពល ឬ​ការ​កសាង​រោងចក្រ​វារីអគ្គិសនី។
ចំនួន​គម្រោង​វិនិយោគ​របស់​ចិន នៅ​កម្ពុជា ចង​ក្រង​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ មាន​ប្រមាណ ៣០០​គម្រោង សមាមាត្រ​នឹង​ទឹក​ប្រាក់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អាមេរិក។
បច្ចុប្បន្ន ក្រុមហ៊ុន​ចិន បាន​ប្រកាស​ថា​នឹង​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជិត ១​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត លើ​គម្រោង​សង់​ផ្លូវ​រថភ្លើង និង​មាន​គម្រោង​សាងសង់​រោងចក្រ​ស្ល​ដែក​ដ៏​ធំ​មួយ​នៅ​កម្ពុជា។
រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ធ្លាប់​បាន​អះអាង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា ជា​កត្តា​សំខាន់​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ហើយ​ក្រុម​អ្នក​វិនិយោគ​ចិន ជា​ច្រើន​បាន​មក​កម្ពុជា ដូច​ជា​ការ​រុក​រក​រ៉ែ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​បាន​ទាក់​ទាញ​ក្រុមហ៊ុន​ចិន ផ្សេង​ទៀត​ដើម្បី​វិនិយោគ​បន្ថែម ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។
ជាក់​ស្ដែង ក្រុមហ៊ុន​របស់​ប្រទេស​ចិន នោះ​បាន​ចាប់​ផ្ដើម​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​មួយ​ខ្សែ​ពី​កំពង់ផែ​សង់​ថ្មី​លើ​កោះ​មួយ​នៅ​ខេត្ត​កោះកុង ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះវិហារ។ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​ដែល​មាន​ប្រវែង​ជាង ៤០០​គីឡូម៉ែត្រ​នោះ គឺ​ត​ភ្ជាប់​ពី​ខេត្ត​ព្រះវិហារ កាត់​តាម​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង។
ទោះ​បី​ជា​ការ​វិនិយោគ​ចិន មាន​គុណ​សម្បត្តិ​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ក៏ដោយ ប៉ុន្តែ​អ្នក​វិភាគ​សង្គម​យល់​ថា ការ​វិនិយោគ​ចិន នេះ​ក៏​បាន​ផ្ដល់​ផល​អវិជ្ជមាន​មួយ​ចំនួន​ដល់​កម្ពុជា ដែរ។
ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​វិនិយោគ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា តែង​តែ​បំផ្លើស​តួលេខ​ចំណាយ ហើយ​តម្លៃ​ខ្ពស់ និង​គ្មាន​គុណភាព។ លោក​មាន​ប្រសាសន៍​បន្ត​ថា ក្ដី​ព្រួយ​បារម្ភ​ជាច្រើន​អំពី​ផល​ប៉ះពាល់​នានា និង​ការ​ទទួល​ផល​ប្រយោជន៍​មិន​ស្មើ​ភាព​គ្នា​ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន ទាំង​នោះ​នៅ​កម្ពុជា។
លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន មក​វិនិយោគ​នៅ​កម្ពុជា មួយ​ហើយ​មួយ​ទៀត ដោយ​គ្មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ ហើយ​គ្មាន​ការ​ដេញ​ថ្លៃ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំង​មូល។
អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន ការ​វិនិយោគ​ចិន ឬ​ជំនួយ​របស់​ចិន តែង​តែ​មាន​បំណង ហើយ​បំណង​នោះ​គឺ​ប្រាក់​ចំណេញ​ជា​កត្តា​ចម្បង និង​បំភ្លេច​ចោល​នូវ​ការ​ថែ​រក្សា​បរិស្ថាន។ ជាក់​ស្ដែង ប្រទេស​ចិន ខ្លួន​ឯង មិន​បាន​គិត​ពី​ការ​ថែ​រក្សា​បរិស្ថាន​របស់​ប្រទេស​ខ្លួន​ឡើយ មាន​ន័យ​ថា ការ​វិនិយោគ​របស់​ចិន នៅ​ប្រទេស​ណា​មួយ​នោះ នឹង​ផ្ដល់​ផល​ប៉ះពាល់​អាក្រក់​ដល់​បរិស្ថាន​ដល់​ប្រទេស​នោះ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​គិត​ថា​ប្រទេស​ចិន សម្លឹង​ឃើញ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​ជា​ជាង​បរិស្ថាន​នោះ គឺ​ជា​ការ​យល់​ឃើញ​របស់​គេ ប៉ុន្តែ​ការ​វិនិយោគ​នានា គឺ​មាន​ការ​ស្រាវ​ស្រាវ​ច្បាស់​មុន​នឹង​ចាប់​ផ្ដើម ហើយ​ការ​វិនិយោគ​តែង​ផ្ដល់​ផល​វិជ្ជមាន​ចំពោះ​កំណើន​សេដ្ឋកិច្ច។
លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​តែង​តែ​ដាក់​លក្ខខ័ណ្ឌ​ឲ្យ​អ្នក​វិនិយោគ​ត្រូវ​ធ្វើ និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម​កិច្ច ហើយ​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង និង​មាន​លក្ខខ័ណ្ឌ​ខ្ពស់​ក្នុង​ការ​ធានា​ការ​វិនិយោគ​នោះ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ចិរភាព ទាំង​បរិស្ថាន សង្គមកិច្ច និង​ទាំង​កំណើន​សេដ្ឋកិច្ច។
របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា កន្លង​មក គឺ​ជាង ៩៩% នៃ​ការ​វិនិយោគ​សរុប​ផ្ដោត​លើ​វិស័យ​ប្រេង ជាង ៩១% ផ្ដោត​លើ​ការ​រុក​រក​រ៉ែ​និង​ជាង ៨៥% ផ្ដោត​លើ​វិស័យ​ថាមពល។
ប៉ុន្តែ របាយការណ៍​របស់​ស៊ី.ឌី.អរ.អាយ (CDRI) ផល​ប៉ះពាល់​វិនិយោគ​របស់​ចិន ប្រចាំ​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា កត្តា​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​មនុស្ស ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​រចនាសម្ព័ន្ធ​ស្ថាប័ន បាន​ដើរ​តួនាទី​សំខាន់​សម្រាប់​អ្នក​វិនិយោគ​ចិន។ ម៉្យាង​វិញ​ទៀត ការ​លេច​ឡើង​វិនិយោគ​របស់​ចិន នៅ​ប្រទេស​កម្ពុជា កើត​ឡើង​ដោយ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ ការ​ស្វែង​រក​ទីផ្សារ ការ​ទទួល​បាន​កម្លាំង​ពលកម្ម​ថោក ភាព​ទទួល​បាន និង​តម្លៃ​ធនធាន​ធម្មជាតិ៕

No comments:

Post a Comment