Monday, June 18, 2012

សហរដ្ឋ​អាមេ​រិក៖ គណបក្ស​ប្រជា​ជន​កម្ពុជា គ្រប់​គ្រង​ស្ថា​ប័ន​ទាំង​បី​របស់​រដ្ឋ

បោះពុម្ព
សហរដ្ឋ​អាមេរិក​​ សិក្សា​ឃើញ​​ថា គណបក្ស​ប្រជា​ជន​​កម្ពុជា របស់​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​គ្រប់​គ្រង​​ស្ថាប័នសំ​ខាន់ៗ​ទាំង​​បី​របស់​​រដ្ឋ​ រួម​​ទាំង​ស្ថាប័ន​តូច​ៗ​ផ្សេង​​ៗ ជា​កត្តា​ ​នាំ​ឲ្យ​មាន​អំណាច​​​ប្រមូល​​ផ្តុំ ​ហើយ​កើត​អំពើ​រំ​លោភ​​សិទ្ធិ​​មនុស្ស​។​
នៅ​ក្នុង​របាយ​ការណ៏​ថ្មី​មួយ​ដែល​ទើប​ចេញ​ផ្សាយ នៅ​ពាក់​កណ្តាល​ខែ​នេះ ដោយ​ស្ថាន​ទូត​​សហរដ្ឋ​​​អាមេរិក​​ប្រចាំ​កម្ពុជា ស្តី​ពី​​សិទ្ធិ​​​​មនុស្ស​​ប្រចាំ​​ឆ្នាំ​​២០១១​ បាន​កត់​​សំគាល់​​ថា គណបក្ស​​ប្រជា​ជន​កម្ពុជា កំពុង​​គ្រប់​​គ្រង​​ស្ថាប័ន​​ទាំង​​បី របស់​រដ្ឋ​​គឺ នីតិ​​បញ្ញត្តិ​ នីតិ​ប្រតិ​បត្តិ​ និង​​តុលាការ​។ របាយ​ការណ៍​នោះ​បញ្ជាក់​ថា ស្ថាប័ន​​តុលាការ​ស្ថិត​​​​នៅ​ក្រោម​​ឥទ្ធិ​ពល​​នយោ​បាយ និង​អំពើ​ពុក​រលួយ មិន​បាន​ផ្តល់​យុត្តិ​ធម៌​ដល់​ជន​​រ​ង​គ្រោះ​​ទេ ខណៈ​តាម​គោល​ការណ៍​លទ្ធិ​​ប្រជា​ធិប​តេយ្យ ក៏​​ដូច​​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ ចែង​​ថា ស្ថាប័ន​​កំពូល​​ទាំង​​បី​ ត្រូវ​​ឯករាជ្យ​​ដាច់​ពី​គ្នា​នោះ​។
​របាយ​ការណ៍​ដដែល​ បាន​​លើក​ឡើង​ទៀត​ថា ដោយ​​សារ​​គណបក្ស​​ប្រជា​ជន​កម្ពុជា​​គ្រប់​​គ្រង​​ស្ថាប័ន​​​ទាំង​​​អស់ នាំ​ឲ្យ​អំណាច​​ប្រមូល​ផ្តុំ​​​ទៅ​លើ​លោក​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន​ តែ​ម្នាក់​។​​ ស្តាប់សម្លេង៖  
ឆ្លើយ​តប​នឹង​ការ​​លើក​ឡើង​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ និង​​ជា​អ្នក​នាំ​​ពាក្យ​ទីស្តី​ការ​​គណៈរ​ដ្ឋ​​មន្ត្រី លោក ផៃ ស៊ីផាន​ មាន​ប្រ​សាសន៍​​ថា ដោយ​​សារ​​កម្ពុជា​ប្រកាន់​របប​សភា​និយម​ ហើយ​​គណ​បក្ស​​ប្រជា​​ជន​កម្ពុជា ជា​អ្នក​ដឹក​​នាំ​រដ្ឋាភិបាល ទើបរដ្ឋាភិបាល​នេះ ជា​​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​ តែ​លោក ផៃ ស៊ីផាន អះ​អាង​​ថា កម្ពុជា​សព្វថ្ងៃមានអំណាច​បី​ឯករាជ្យដាច់​ពីគ្នា ហើយ​ថា ប្រសិន​បើមាន​ករណីរំលោភសិទ្ធិមនុស្សកើត​ឡើង ត្រូវ​ប្តឹង​ទៅ​តុលា​ការ​​ដើម្បីស្វែង​រកយុត្តិធម៌​ ៖ "
ប្រធានអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោកស្រី ពុង ឈីវ​កេក កត់សំគាល់ថា មាន​​​កត្តា​​ជា​​ច្រើន​​ដែល​នាំ​ឲ្យ​មាន​​អំពើ​​រំលោភ​សិទ្ធិ​មនុស្ស​​កើត​ ​ឡើង ដូច​​តុលាកា​រ​មិន​​ឯករាជ្យ ខក​ខាន​​អនុ​វត្តន៍​​ច្បាប់​ដែល​មាន​ស្រាប់ មិន​​បាន​​បង្កើត​​ច្បាប់​ថ្មី​បន្ថែម​ មិន​បាន​អនុ​វត្តន៍ កតិ្តកា​សញ្ញា អនុ​សញ្ញា ឬ​សន្ធិ​​សញ្ញា​​អន្តរ​​ជាតិ ដែល​កម្ពុជា​​បាន​ឲ្យ​សច្ចា​ប័ន​​កន្លង​មក​។ លោក​ស្រី ពុង ឈីវកេក បញ្ជាក់​ថា ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​​រំលោភ​សិទ្ធិ​​មនុស្ស​​នេះ​បាន ​​គឺគ្រប់​ផ្នែក​ពាក់​​ព័ន្ធ ទាំង​អស់​នេះ ត្រូវ​​តែ​ធ្វើ​​កំណែ​​ទម្រង់​​ឲ្យ​​​បាន​ល្អ​​ប្រ​សើរ​ឡើង​ ៖ "
ទាក់នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​​នេះ អ្នក​រាយកា​រណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​​ជាតិ ទទួល​បន្ទុក​សិទ្ធិ​​មនុស្ស​​នៅ​កម្ពុជា​ ​លោក សុរិយា​ ប្រា​សាទ​ស៊ូប៊ែ​ឌី គ្រោង​​នឹង​​ដាក់​​បញ្ចូល​​របាយ​​ការណ៍​​នេះ ទៅ​អង្គ​​សន្និ​បាត​​អង្គ​ការ​សហ​ប្រជា​ជាតិ​ នៅ​ខែសី​ហា​ខាង​មុខ​​នេះ​ ទាក់​ទង​នឹងការ​​បណ្តេញ​​ប្រជា​ពលរដ្ឋ​​ចេញពី​លំនៅ​ឋាន ការ​បំភិត​បំភ័យ​​អ្នក​ការ​ពារ​​សិទ្ធិ​មនុស្ស ឬ សំលាប់​​អ្នក​ការ​​ពារ​​សិទ្ធិ​​មនុស្ស​​​​ជាដើម​៕

សហរដ្ឋ​អាមេ​រិក៖ គណបក្ស​ប្រជា​ជន​កម្ពុជា គ្រប់​គ្រង​ស្ថា​ប័ន​ទាំង​បី​របស់​រដ្ឋ

No comments:

Post a Comment