Monday, June 18, 2012

កុមារ​បឹងកក់​ជួបជុំ​ថ្វាយ​ព្រះពរ និង​សូម​ឲ្យ​សម្តេច​ព្រះ​មហាក្សត្រី ជួយ​អន្តរាគមន៍​ដោះលែង​ម្តាយ​របស់​ពួកគេ

កុមារ​រស់នៅ​បឹងកក់ 
បាន​ជួបជុំ​នៅមុខ​ព្រះបរមរាជវាំង​ស្រែក​​រក​អន្តរាគមន៍​ពី​សម្តេច​
ព្រះមហាក្សត្រី​ ដើម្បី​ឲ្យ​តុ​លាការ​ដោះលែង​ម្តាយ​របស់​ពួកគេ
កុមារ​រស់នៅ​បឹងកក់ បាន​ជួបជុំ​នៅមុខ​ព្រះបរមរាជវាំង​ស្រែក​​រក​អន្តរាគមន៍​ពី​សម្តេច​ ព្រះមហាក្សត្រី​ ដើម្បី​ឲ្យ​តុ​លាការ​ដោះលែង​ម្តាយ​របស់​ពួកគេ
RFI/Channa Siv

ដោយ លី ម៉េងហួរ
កុមារ​រស់នៅ​បឹង​កក់ បាន​ជួបជុំ​នៅ​មុខ​ព្រះបរមរាជវាំង ត្រង់​ព្រះអង្គ​ដង្កើ បង្ហោះ​ប៉េងប៉ោង ព្រលែង​ចាប និង​កាន់​រូបថត​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨​មិថុនា​នេះ​។ ក្រុម​កុមារ​ទាំងនោះ បាន​ថ្វាយព្រះពរ​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុង​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម គំរប់ ៧៦ យាង​ចូល ៧៧ ព្រះវស្សា​។ ពួកគេ ​ក៏​បាន​ស្រែក​ស្វែងរក​អន្តរាគមន៍​ពី​សម្តេច​ព្រះមហាក្សត្រី ដើម្បីឲ្យ​តុលាការ​ដោះលែង​ម្តាយ​របស់​ពួកគេ ១៣ នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ក្នុង​វិវាទ​ដីធ្លី នៅ​តំបន់​បឹងកក់​ផងដែរ​។

សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីភ្នំពេញ
18/06/2012 by លី ម៉េងហួរ
ក្រុម​កុមារ ជា​កូន​របស់​ស្ដ្រី​បឹងកក់ ១៣ នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ រួមទាំង​អ្នក​ភូមិ​សរុប​ជិត ១០០ នាក់ បាន​ប្រមូលផ្ដុំ​គ្នា នៅ​ព្រះអង្គ​ដង​កើ មុខ​ព្រះបរមរាជវាំង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១២​។ កុមារ​ទាំងនោះ បាន​បួងសួង ថ្វាយព្រះពរ​ដល់​សម្ដេច​ព្រះមហាក្សត្រី ឲ្យមាន​ព្រះជន្ម​យឺនយូរ និង​ព្រះរាជសុខភាព​មាំមួន​។​
ដៃ​កាន់​រូបថត​របស់​សម្តេច​ព្រះមហាក្សត្រី និង​ព្រលែង​ចាប បង្ហោះ​ប៉េងប៉ោង នៅ​ព្រឹក​មិញ ក្រុម​កុមារ​បឹងកក់ ក៏​បាន​ទទូច និង​សុំ​ឲ្យ​សម្ដេចយាយ ធ្វើ​ព្រះរាជអន្តរាគមន៍ ទៅ​តុលាការ ឲ្យ ដោះលែង​ម្ដាយ​របស់​ពួកគេ​ទាំង ១៣​នាក់ ចេញពី​ពន្ធនាគារ​ព្រៃ​ស​។ កុមារ​តូចៗ ទាំងនោះ​បាន​ស្រែកយំ រក​ម្តាយ​ថ្នាក់​ថ្នម ដូច​កុមារ​ដទៃទៀត​។​

​កុមារ កំព្រាម្តាយ​នៅ​បឹងកក់​មួយចំនួន បាន​ធ្លាក់ខ្លួន​ឈឺ និង​មាន​ជំងឺ​បាក់​ទឹកចិត្ត​។ អ្នកខ្លះ​ទៀត មិន​បាន​ទៅ​រៀន​ទៀងទាត់​ឡើយ ចាប់តាំងពី​ម្តាយ​របស់​ពួកគេ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២២​ឧសភា ដោយសារ​តែ​ការតវ៉ា​រឿង​ដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​បឹង​កក់​។​

​សកម្មជន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បានឲ្យដឹងថា មាន​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ ចំនួន ៤៣​នាក់ ជា​កូន​របស់​ស្ដ្រី​បឹងកក់ ទាំង ១៣ នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​។​

​កាលពី​ថ្ងៃ​សុក្រ ទី​១៥ ខែមិថុនា ក្រុម​ស្ដ្រី​បឹងកក់ ដែល​ធ្វើ​កូដកម្ម​បង្អត់អាហារ​ខ្លួន​ឯង​នៅ​ក្នុង​ពន្ធនាគារ បានចាប់ផ្ដើម​ទទួលទាន​អាហារ​ឡើងវិញ បន្ទាប់​ពី​មាន​ការដោះលែង​ពលរដ្ឋ​បឹងកក់​ចំនួន​ពីរ​នាក់​។ តុលាការ​សាលាឧទ្ធរណ៍ នឹង​បើក​សវនាការ​លើ​ករណី​ស្ត្រី​អ្នកភូមិ​បឹងកក់ ទាំង ១៣ នាក់ នៅ​ថ្ងៃ​ទី​២៧​មិថុនា ឆ្នាំ​២០១២​។

​ស្ត្រី​អ្នកភូមិ​បឹងកក់ ១៣ នាក់ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ កាត់ទោស កាលពី​ថ្ងៃ​ទី​២៤​ឧសភា ដាក់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ ៦​ខែ ក្នុង​រឿង​ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ នៅ​បឹង​កក់​៕

No comments:

Post a Comment