Thursday, March 8, 2012

ស្ត្រី​អ្នក​តវ៉ា​រឿង​ដី​ធ្លី​ទាមទារ​ឲ្យ​ អាជ្ញាធរ​បញ្ឈប់​ហិង្សា​លើ​ស្ត្រី

2012-03-08
ស្ត្រី​​ជា​ប្រជា​សហគមន៍​រង​គ្រោះ​ដោយ​ការ​រំលោភ​ដី​ធ្លី​ប្រមាណ ៤០០​នាក់ បាន​ដើរ​ក្បួន​អប​អរ​ខួប​លើក​ទី​១០១ ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ ៨ មីនា។
RFA/Sochivy
ស្ត្រី​ប្រជា​សហគមន៍​រង​គ្រោះ​ដោយ​ការ​រំលោភ​ ដី​ធ្លី ដើរ​ដង្ហែ​ក្បួន​នៅ​លើ​ដង​វិថី​មួយ នា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ហិង្សា​មក​លើ​ស្ត្រី ក្នុង​ថ្ងៃ​ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ​២០១២។
ពួក​គេ​មក​ពី​សហគមន៍​បឹងកក់ បុរី​កីឡា និង​សហគមន៍​៣៤៧។ ពួកគេ​ស្រែក​ទាម​ទារ​អោយ​អាជ្ញាធរ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​លើ​​ស្ត្រី​ ក្នុង​ការ​តវ៉ា​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី។
ក្រុម​ស្ត្រី​នៃ​សហគមន៍​ដែល​កំពុង​មាន​ជម្លោះ​ដី​ធ្លី​នៅ​កណ្ដាល​រាជធានី ​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​តំបន់​បឹង​កក់ នៅ​ព្រឹក​ព្រលឹម ថ្ងៃ​ទី​៨ ខែ​មីនា។ ពួកគេ​តែង​ខ្លួន​ស្រស់​ស្អាត ដោយ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ លើក​បដា​ជា​ច្រើន ដែល​និយាយ​ដល់​ការ​ទាម​ទារ​សិទ្ធិ​ជា​នារី ជា​ពិសេស​បាន​ផ្ញើ​សារ​ទៅ​កាន់​អាជ្ញាធរ​អោយ​បញ្ឈប់​ការ​វាយ​ធ្វើ​បាប​លើ​ នារី​ដែល​ចេញ​តវ៉ា​ការ​ពារ​ផ្ទះ​សម្បែង។
ដោយ​ចេញ​ដំណើរ​ពី​ភូមិ​២៤ នៃ​តំបន់​បឹង​​កក់ ក្បួន​ដង្ហែ​បាន​ឆ្លង​កាត់​វិថី​មួយ​ចំនួន ឆ្លង​កាត់​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​ប្រទេស​បារាំង។
ក្នុង​ពេល​ដើរ​ហែ​ក្បួន មាន​ការ​រុញ​ច្រាន​គ្នា​មួយ​បាន​កើត​ឡើង​រវាង​អាជ្ញាធរ និង​ក្រុម​ប្រជា​សហគមន៍។ អាជ្ញាធរ​បាន​ព្យាយាម​រារាំង​មិន​អោយ​ក្បួន​ដង្ហែ​ធ្វើ​ដំណើរ​តាម​មហាវិថី​ ព្រះ​នរោត្តម​នោះ​ទេ។
ក្បួន​បាន​ត្រឡប់​ចូល​ដល់​​តំបន់​បឹង​កក់​​វិញ ​នៅ​ម៉ោង ១០​ព្រឹក។ នៅ​ទី​នោះ​ពួកគេ​បាន​ថ្លែង​ពី​ទុក្ខ​លំបាក​ដែល​កើត​ឡើង​ដោយសារ​ការ​បាត់​បង់ ​ផ្ទះ​សម្បែង​ដី​ធ្លី។
តំណាង​អ្នក​ភូមិ​បឹង​កក់ អ្នកស្រី ទេព វន្នី បាន​លើក​ឡើង​ថា កន្លង​មក​ស្ត្រី​ដែល​បាន​ចេញ​តវ៉ា​ក្នុង​ទាមទារ​សិទ្ធិ​លំនៅឋាន​ តែង​ទទួល​នូវ​ការ​ធ្វើ​បាប​ពី​សំណាក់​ក្រុម​អាជ្ញាធរ។ អ្នកស្រី​បន្ត​ថា សកម្មភាព​ទាំង​នោះ​ស​អោយ​ឃើញ​ថា អាជ្ញាធរ​សមត្ថ​កិច្ច​មិន​បាន​គោរព​សិទ្ធិ​ស្ត្រី​ឡើយ។
តំណាង​សហគមន៍​បុរី​កីឡា អ្នកស្រី ទឹម សាក់មុន្នី លើក​ឡើង​ដែរ​ថា ស្រ្តី​នៅ​ក្នុង​សហគមន៍​នេះ​ក៏​ទទួល​នូវ​ការ​ធ្វើ​បាប​ជា​ច្រើន​លើក​ច្រើន​ សា​ពី​សំណាក់​អាជ្ញាធរ​ក្រុង នៅ​ពេល​ពួក​គេ​ចេញ​តវ៉ា​ទាមទារ​សំណង​ចំពោះ​ការ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​ សម្បែង។
លោក អំ អាត មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។ លោក​មាន​ប្រសាសន៍​​ថា ប៉ុន្មាន​ឆ្នាំ​នេះ ​គេ​សង្កេត​ឃើ​ញ​ថា​​ ស្តី្រ​ភាគ​ច្រើន​​ចេញ​មុ​​ខតវ៉ា​​​ជា​​​មួយ​​​​អាជ្ញាធរ ក្នុង​ការ​ស្វែង​រក​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​ក្នុង​សហគមន៍​របស់​គេ។ ប៉ុន្តែ​ការ​ត​វ៉ា​នោះ​​​ពេល​ខ្លះ​ត្រូ​វ​​​បាន​​​​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន ​ឬ​ខ្លះ​ទៀត​ត្រូវ​ទទួល​រង​ការ​បង្ក្រាប​យ៉ាង​ហិង្សា។
លោក​អំ​ពាវនាវ​​​អោយ​​​​​រដ្ឋាភិបាល​ចាត់​វិធានការ​​អោយ​​​មាន​ ប្រសិទ្ធភាព ដើម្បី​លុប​​បំបាត់​​អំពើ​ហិង្សា​លើ​ស្ត្រី​ឲ្យ​បាន ខណៈ​ដែល​​កម្ពុជា កំពុង​​​ដើរ​តួនាទី​ជា​​​ប្រធាន​អាស៊ាន​​នៅ​ឆ្នាំ​​២០១២​នេះ។
សម្រាប់​តំណាង​សហគមន៍​បឹង​កក់ អ្នកស្រី ទេព វន្នី វិញ បាន​អំពាវ​នាវ​អោយ​បណ្ដា​ថ្នាក់​ដឹក​នាំ​ជា​ស្ត្រី​អោយ​ចាប់​ផ្ដើម​ក្រឡេក​ មើល​ការ​លំបាក​របស់​ស្ត្រី​ក្នុង​សហគមន៍​ដែល​ត្រូវ​គេ​រំលោភ​បំពាន​សិទ្ធិ។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នកស្រី​ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា​ ព្រឹទ្ធ​សភា និង​អធិការកិច្ច និង​មន្ត្រី​ក្រសួង​កិច្ចការ​នារី អោយ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​តំណាង​អ្នក​ភូមិ​បឹង​កក់ នេះ​បាន​ទេ។
បើ​ទោះ​ជា​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា និង​ពុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​មន្រ្តី​ពាក់​ព័ន្ធ ក៏​គេ​សង្កេត​ឃើញ​ថា ស្រ្តី​បាន​ចូលរួម​កាន់​តែ​ច្រើន​នៅ​ក្នុង​ការ​តវ៉ា ចំពោះ​ការ​រំលោភ​សិទ្ធិ​សេរីភាព។
លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​សិទ្ធិ​លំនៅឋាន មាន​ប្រសាសន៍​ថា ការ​បណ្តេញ​ចេញ​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​ទៅ​លើ​ស្រ្តី។ លោក​បន្ត​ថា ការ​ចូល​រួម​របស់​ស្រ្តី​ជា​ផ្នែក​ដែល​មិន​អាច​ខ្វះ​បាន​នៅ​គ្រប់​ដំណាក់កាល ​នៃ​ការ​អភិ​វឌ្ឍ។
របាយការណ៍​ឆ្នាំ​២០១១ របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​បង្ហាញ​ថា ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន គឺ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​កត្តា​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​កាន់​តែ​កើន​ច្រើន​ឡើង​របស់​ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​ស្ត្រី​ភេទ និង​សហគមន៍​របស់​គេ ដូច​ជា​នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា​ជាដើម៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

1 comment:

  1. មតិ

    ចុចត្រង់នេះដើម្បីបន្ថែមយោបល់របស់អ្នក
    Vuth Lee ពី Lowell, Massachusetts,U.S.A :

    Bun rany Hun Sen, the Cambodian first lady, the head of the Cambodian Redcross, and the BOSS of Hun Sen, did you see how much suffering that the poor Cambodian women and children are endured and crying for help from your husband. You are considered a very lucky and a powerful lady in Cambodia. You be able to urge your husband to kill singer/s?(You know her or their names?). Now it's time to do some good act by order your husband to help these poor women and children. Bun Rany Hun Sen, it's never too late to do somethings GOOD.

    2012-03-09 02:12
    SAM KHEMARAK PHIBAL ពី SIEM REAP :

    I am very proud, that I have seen a lot of women are not afraid with cruel pressure by Hun Xen. Because all these women are hungry, they need to eat, they need to live in proper house with legal plot land.

    Thanks for Tep Vanny, you are the best for all Cambodian women (This not include any Chumteavs in Hun Sen's government which is under Yuon control. I encourage you to do more for freedom, I will support you and I will call for end of Hun Sen time soon.

    From Nationalist.
    Sam Khemarak Phibal
    Siem Reap

    2012-03-08 20:20
    កូន ខ្មែរ ពី សហរដ្ធ :

    ភាគបន្តរ៖
    ទី៥ត្រូវឱ្យមានកាទទួលខុសត្រូវខ្ពស់ចំពោះ
    បុរសដែលមានកូនឫធ្វើឱ្យស្រ្តីណាម្នាក់មានកូនជាមួយនិង
    ខ្លួន;ទី៦ដាក់ទោសជាទម្ងន់ទៅលើឳពុកម្ដាយណាដែល
    លក់កូនខ្លួនទៅឱ្យនាក់មានប្រាក់ដើម្បីផ្លូវភេទឬក៍ជានាក់
    បំរើដាច់ថ្លៃ;ទី៧រក្សាចំនួនតិចបំផុតនូវបនល្បែងទាំងឡាយ។


    2012-03-08 16:24
    កូន ខ្មែរ ពី សហរដ្ធ :

    ខ្ញុំបាទសូមគាំទ្រទាំងស្រុងទៅលើការទាមទាស្មើសិទ្ធនៃស្ត្រី
    ខ្មែរទាំងអស់។ដើម្បីឱ្យមានប្រសទ្ធិភាពជាក់លាក់ សភាខ្មែរ
    ដែលមាននាទីចែងច្បាប់ប្រទេសនោះ៖ទី១ចែងច្បាប់កុំឱ្យ
    បុរសខ្មែរអាចមានប្រពន្ធលើសពីមួយ;ទី២ដាក់ទោសជា
    ទម្ងន់ដល់បុរសឬស្ត្រីណាដែលផិតក្បត់ពីប្រពន្ធឬប្តីខ្លួន;
    ទី៣ផ្ដន់ទាទោសជាទម្ងន់ទៅលើភាពហឹង្សារបស់ប្តីទៅលើ
    ប្រពន្ធ ដូចគ្នានិងប្រពន្ធដែរ;ទី៤បំបាត់ឱ្យអស់នូវបនស្រី
    ខូចទាំងឡាយ។

    2012-03-08 16:22
    អ្នក​អាន​អនាមិក :

    Cambodian must change Hun Sen in order to improve this country.

    2012-03-08 08:13

    មើល ​មតិ​ទាំង​អស់.

    ReplyDelete