Friday, March 9, 2012

អ្នក​ភូមិ​បឹង​កក់​ដាក់​ញត្តិ​ជូន​ នាយករដ្ឋមន្ត្រី​ស្នើ​សុំ​អន្តរាគមន៍

2012-03-07
ប្រជាពលរដ្ឋ​សហគមន៍ ៣៤៧ នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០១២ បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​មួយ​ចំនួន​ឲ្យ​ជួយ​អន្តរាគមន៍។
ញត្តិ​នោះ​សុំ​ឲ្យ​អ្នក​ដឹកនាំ និង​គណបក្ស​នយោបាយ​ជួយ​ប្រាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បញ្ឈប់​បណ្ដេញ​ ប្រជាពលរដ្ឋ​ពី​ផ្ទះ​សម្បែង​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ ហើយ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ឲ្យ​ពួកគេ។
ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដាក់​ញត្តិ​ទាំង​នោះ លោកស្រី ឯក ម៉ាលីនណា បាន​ថ្លែង​ថា ពលរដ្ឋ​ចំនួន ១៤​គ្រួសារ ដែល​មាន​សមាជិក​ជិត ៨០​នាក់ កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​លំនៅឋាន។
ស្ត្រី​រូប​នេះ​បន្ត​ថា ពួកគាត់​រស់នៅ​ក្នុង​សហគមន៍​នេះ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ទទួល​ស្គាល់​ត្រឹម​ត្រូវ ព្រោះ​ពួក​គាត់​មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​បោះឆ្នោត និង​វិក្កយបត្រ​ទឹក​ភ្លើង​ជា​ដើម៖ «ស្នើ​សុំ​ឲ្យ​សម្ដេច ជា ស៊ីម គណបក្ស​ប្រជាជន គណបក្ស សម រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស ក៏​ខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង​ដូច​គ្នា ដោះស្រាយ​ចំពោះ​ការ​បណ្ដេញ​យើង​ខ្ញុំ​ចេញ​ពី​លំនៅឋាន​ពី​សំណាក់​អាជ្ញាធរ​ មូលដ្ឋាន​ឲ្យ​ពួក​ខ្ញុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ ដោយ​យល់​ពួក​ខ្ញុំ​បាន​មក​នៅ​នេះ​តាំង​ពី​ឆ្នាំ​១៩៩០»
ក្នុង​លិខិត​ដែល​ពលរដ្ឋ​សហគមន៍​៣៤៧ បាន​ផ្ញើ​ជូន​វិទ្យុ​អាស៊ី​សេរី​កន្លង​មក បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​សីហា ឆ្នាំ​២០០៧ មាន​លោក​ប្រធាន​ភូមិ​៣ ចៅសង្កាត់​បឹង​កក់​១ និង​អភិបាល​ខណ្ឌ​ទួលគោក បាន​ចុះ​មក​ថតរូប និង​យក​ក្រដាស​កិច្ច​សន្យា​មក​ឲ្យ​ផ្ដិត​មេដៃ ​ដោយ​អះអាង​ថា ការ​ផ្ដិត​មេដៃ​នោះ គឺ​ជា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​របស់​សាលា​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ឯកសារ​នោះ​បែរ​ទៅ​ជា​សំណើ​សុំ​រុះរើ​ផ្ទះ​ដោយ​ស្ម័គ្រ​ចិត្ត​របស់​ ប្រជាពលរដ្ឋ​ទៅ​វិញ។ 
បន្ទាប់​មក​ពួកគាត់​បាន​នាំ​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ ពាក់ព័ន្ធ​មួយ​ចំនួន ដូច​ជា​សាលា​រាជធានី​ភ្នំពេញ សភា​ជាតិ អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ក្រសួង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​ក្រសួង​មហាផ្ទៃ​ជា​ដើម ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​ឡើយ​រហូត​មក​ដល់​ពេល​នេះ៕

No comments:

Post a Comment