អ្នកទោសថាការលើកលែងទោសមិនប្រក្រតី
អ្នកទោសនៅពន្ធនាគារ និងកូនៗរបស់ពួកគេ នៅក្នុងពិធីមួយ កាលពីពេលកន្លងមក។ រូបថត ELLIE
- Thursday, 31 January 2013
- ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍
- ភ្នំពេញៈ ស្រ្តីជាទណ្ឌិត ដែលផ្ទុកមេរោគអេដស៍ និងមានជំងឺរ៉ាំរ៉ៃ នៅពន្ធនាគារព្រៃសប្រមាណ៤៥ នាក់ បានទទូចទាមទាររកយុត្តិធម៌ ដោយចោទប្រកាន់មន្ត្រីពន្ធនាគារព្រៃសថា បានប្រព្រឹត្តអំពើពុករលួយក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតខ្លះខណៈរដ្ឋាភិបាល គ្រោងនឹងធ្វើការលើកលែងទោស និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតនៅទូទាំងប្រទេសចំនួន៤៩៦ នាក់ នៅក្នុងព្រះរាជពិធី ថ្វាយព្រះភ្លើង សម្តេចឪនៅប៉ុន្មានថ្ងៃទៀតនេះ។ ស្ត្រី ចំនួន១២ នាក់ ដែលបានទូរស័ព្ទទាំងយប់ទាំងថ្ងៃ មកកាន់កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារ និងថ្ងៃពុធម្សិលមិញ ដែលប្រាប់ថា ពួកគេគឺជាទណ្ឌិត កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស បានអះអាងដូចៗគ្នា ដោយចោទប្រកាន់មន្ត្រីពន្ធនាគារព្រៃសថា បានប្រព្រឹត្តអំពើពុករលួយ ក្នុងការស្រង់ឈ្មោះទណ្ឌិត ដែលត្រូវដោះលែង និងបន្ធូរបន្ថយទោសដោយប្រព្រឹត្តផ្ទុយទៅនឹងសេចក្តីប្រកាស របស់រដ្ឋាភិបាល។ អ្នកទូរស័ព្ទមក ដែលសុទ្ធតែបដិសេធ សុំមិនបញ្ចេញឈ្មោះទាំងនោះ បានអះអាងថា អ្នកទោសដែលមានឈ្មោះត្រូវដោះលែង ឬបន្ធូរបន្ថយទោសគឺត្រូវបង់ ប្រាក់ចាប់ពី១៥០០ ទៅ ២០០០ដុល្លារឲ្យទៅមន្ត្រីពន្ធនាគារ។ ចំណែកពួកគាត់ចំនួន៤៥ នាក់ ដែលសុទ្ធតែមានលក្ខណសម្បត្តិគ្រប់ គ្រាន់ ត្រូវដោះលែង មិនមានឈ្មោះ ក្នុងបញ្ជីត្រូវដោះលែង ឬបន្ធូរបន្ថយទោសនោះទេ ដោយសារតែគ្មានប្រាក់បង់។ ថ្លែងតាមទូរស័ព្ទ ចេញពីពន្ធនាគារព្រៃ ស មណ្ឌលអប់រំ និងកែប្រែទី២ស្ត្រីទណ្ឌិតផ្ទុកមេរោគអេដស៍ ដែលបានជាប់ពន្ធនាគារអស់រយៈពេល៩ ឆ្នាំមកហើយ ក្នុងចំនួនទោសសរុប៩ឆ្នាំ៦ខែបាននិយាយថា កាលពីថ្ងៃទី២៩ ខែមករា មន្ត្រីពន្ធនាគារ បានហៅឈ្មោះទណ្ឌិតប្រមាណ៤០ នាក់ ដោយប្រាប់ថា ពួកគេនឹងត្រូវបន្ធូរបន្ថយទោស នៅពេលដែលថ្វាយព្រះភ្លើងព្រះបរមសពសម្តេចតា។ ស្ត្រី ទណ្ឌិត ដែលបដិសេធមិនបញ្ចេញឈ្មោះរូបនេះ និយាយថា៖ «អ្នកដែលមានឈ្មោះត្រូវដោះលែង និងបន្ធូរបន្ថយទោសទាំងនោះ ពុំមែនជាអ្នកមានជំងឺ ឬក៏ជាចាស់ជរា ដែលត្រូវលើកលែងទោសនោះទេ ពួកគេគឺសុទ្ធតែជាអ្នកមានលុយ ដោយពួកគេបង់លុយពី ១៥០០ ទៅ ២០០០ ដុល្លារ ។ ទោសខ្ញុំសល់តែ ៦ ខែទៀតប៉ុណ្ណោះ តែគេមិនបានលើកលែងទោសឲ្យខ្ញុំទេ»។ អ្នកស្រីបន្តថា ពួកអ្នកស្រី កំពុងតែមានការជ្រួលច្របល់ ដោយសារតែមានភាពមិនប្រក្រតីយ៉ាងខ្លាំង ក្នុងរឿងនេះ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ទណ្ឌិត។ ស្ត្រីរូបនេះ គូសបញ្ជាក់ទៀតថា៖ «ពួកខ្ញុំបានកែប្រែខ្លួនហើយ ហើយសង្ឃឹមថានឹងត្រូវបានលើកលែងទោស នៅពេលដែលបូជាព្រះសពសម្តេចតា តែបែរជាពុំមានឈ្មោះទៅវិញ ដោយមានឈ្មោះតែអ្នកដែលមានលុយ»។ ទណ្ឌិតម្នាក់ទៀត ក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ តាមទូរស័ព្ទ កាលពីម៉ោង១១ថ្ងៃត្រង់ម្សិលមិញដែរថា អ្នកស្រីបានស្តាប់ឮតាមវិទ្យុគេផ្សាយថា រដ្ឋាភិបាលនឹងលើកលែងទោស ដល់ទណ្ឌិត ដែលមានជំងឺ ចាស់ជរា និងមានកូនតូចនៅជាមួយ តែនៅពេលមន្ត្រីពន្ធនាគារប្រកាសឈ្មោះ បែរជាគ្មានឈ្មោះរបស់ពួកអ្នកស្រី ដែលមានលក្ខណសម្បត្តិត្រូវលើកលែងទោសទៅវិញ។ ស្ត្រីរូបនេះបន្តថា ៖ «អ្វីដែលខ្ញុំបានស្តាប់វិទ្យុ និងអ្វីដែលមន្ត្រីពន្ធនាគារធ្វើគឺខុសគ្នាទាំងស្រុង។ ពួកអ្នកមានលុយសូក គេមានឈ្មោះដោះលែង ពួកអ្នកគ្មានលុយ ទោះបីជាមានជំងឺ ក៏ពុំមានឈ្មោះត្រូវគេដោះលែងដែរ។ វាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ។ ខ្ញុំសូមទទូចអង្វរករ ដល់ថ្នាក់លើ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលសូមជួយរកយុត្តិធម៌ឲ្យពួកខ្ញុំផង »។ ស្រ្តី ជាទណ្ឌិតម្នាក់ទៀត ដែលទូរស័ព្ទមកភ្នំពេញប៉ុស្តិ៍ កាលពីវេលាម៉ោង ១០ និង ៣០ នាទី យប់ថ្ងៃអង្គារថ្លែងថា ក្នុងចំណោមទណ្ឌិត ដែលមានជំងឺជាច្រើននាក់ គឺមានតែម្នាក់គត់ ដែលមានឈ្មោះត្រូវលើកលែងទោស ក្រៅពីនោះ គឺជាទណ្ឌិតដែលមានកម្លាំងមាំមួន។ អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំមិនទាមទារឲ្យអាជ្ញាធរ ធ្វើការផ្លាស់ប្តូរឈ្មោះជាថ្មីនោះទេ តែសូមឲ្យផ្តល់ភាពយុត្តិធម៌ ដល់ពួកខ្ញុំផង។ ពេលខ្ញុំសួរគេ(មន្ត្រីពន្ធនាគារ) ពីបញ្ហានេះ គេប្រាប់ថា អ្នកដែលពុំមានឈ្មោះ ដោយសារជាប់បណ្តឹងនៅតុលាការ។ តែខ្ញុំពុំបានជាប់បណ្តឹងនៅតុលាការទេ»។ លោក ខ្លូត តារា ប្រធានពន្ធនាគារព្រៃស មណ្ឌលអប់រំកែប្រែទីពីរ បានឲ្យដឹងថា នៅក្នុងពន្ធនាគាររបស់លោក បានស្នើសុំលើកលែងទោសអ្នកទោសចំនួន៣២នាក់ និងបន្ធូរបន្ថយទោសចំនួន១ នាក់។ ប៉ុន្តែលោកបានបដិសេធពុំឆ្លើយតប ទៅនឹងការចោទប្រកាន់របស់ទណ្ឌិត ដែលថា មានអំពើពុករលួយ ក្នុងការលើកលែងទោសនិងបន្ធូរបន្ថយទោសនេះទេ។ លោកថ្លែងថា៖ «ខ្ញុំកំពុងតែរវល់ប្រជុំ រឿងរៀបចំពិធីបុណ្យនេះដែរ។ ខ្ញុំអាចឆ្លើយបានតែប៉ុណ្ណឹងទេ»។ លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ពុំអាចទាក់ទងសុំការអត្ថាធិប្បាយ បានទេ កាលពីថ្ងៃម្សិលមិញ។ កាលពីថ្ងៃទី១០ ខែមករា រាជរដ្ឋាភិបាល បានសម្រេចលើកលែងទោស ទណ្ឌិតនៅទូទាំងប្រទេសចំនួន៤១២ នាក់ និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ៨៤នាក់ នៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ដល់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ។ អ្នកទោសដែលត្រូវដោះលែងឬបន្ធូរបន្ថយទោស គឺអ្នកទោសទាំងឡាយណា ដែលបានកែប្រែឥរិយាបថរបស់ខ្លួន ជាប់ពន្ធនាគារ ចំនួន ២ ភាគ ៣ រួចមកហើយ ក្រៅពីនេះ គឺអ្នកទោសស្ត្រី ដែលមានផ្ទៃពោះ ចាស់ជរា និងមានជំងឺរ៉ាំរ៉ៃ ដោយផ្អែកលើគោលការណ៍មនុស្សធម៌។ រីឯទណ្ឌិតជាចារកម្មជនជាតិថៃពីរនាក់គឺអ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន នឹងត្រូវដោះលែងជាស្ថាពរ នៅថ្ងៃទី១ខែកុម្ភៈគឺចំថ្ងៃពិធីដង្ហែព្រះបរមសពសម្តេចឪចេញពី ព្រះបរមរាជវាំងទៅកាន់ វាលព្រះមេរុ។ ចំណែកលោកវីរ៉ា ស៊ុមខ្វាមឃីតនឹងត្រូវបន្ធូរបន្ថយទោសនៅថ្ងៃទី ៤ ខែកុម្ភៈ ត្រូវនឹងថ្ងៃថ្វាយព្រះភ្លើង។ ខេត្តដែលមានទណ្ឌិតត្រូវលើកលែងទោសច្រើនជាងគេ គឺខេត្តបន្ទាយមានជ័យដែលមានចំនួន៧១នាក់។ លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា ជាធម្មតា ទៅតាមផ្លូវច្បាប់ ពុំបានចែងឲ្យបានល្អិតល្អន់ អំពីការលើកលែងទោសនោះទេ ប៉ុន្តែព្រះមហាក្សត្រ មានព្រះរាជសិទ្ធិ លើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ហើយនៅផ្នែកពន្ធនាគារ បានកំណត់ថា អ្នកដែលអាចលើកលែងទោស ឬបន្ធូរបន្ថយទោសបាន លុះត្រាតែបានអនុវត្តទោស ២ភាគ៣ រួចហើយ។ បន្តែជាញឹកញាប់ នៅពេលដែលមានការលើកលែងទោស ឬក៏បន្ធូរបន្ថយទោស តែងតែកើតមានភាពមិនប្រក្រតី។ លោកបានថ្លែងថា៖«ដោយសារតែមានភាពមិនប្រក្រតីនេះ សង្គមស៊ីវិល តែងតែទទូចដល់រដ្ឋាភិបាល ថា គួរតែបង្កើតគណៈកម្មាធិការវាយតម្លៃឯករាជ្យមួយ ពីព្រោះកន្លងមក គឺធ្វើទៅតាមតែការស្នើសុំរបស់ប្រធានពន្ធនាគារ ដូច្នេះ អ្នកដែលមានលុយកាក់ តែងតែមានឈ្មោះ ក្នុងបញ្ជីលើកលែងទោស រីឯអ្នកអត់ប្រាក់ តែងតែគ្មានឈ្មោះ បើទោះបីជាពួកគេខិតខំកែប្រែខ្លួនយ៉ាងណាក៏ដោយ»៕
No comments:
Post a Comment