ជម្លោះដីធ្លីរវាងក្រុមហ៊ុនវៀតណាមនិងពលរដ្ឋនៅខេត្តឧត្តរមានជ័យ
ដោយ ហង្ស សាវយុត 2013-02-09 RFA
បើទោះបីជារដ្ឋាភិបាលកំពុងប្រឹងប្រែងតាមរយៈក្រុមនិស្សិត ស្ម័គ្រចិត្តឱ្យចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដើម្បីឈានទៅរកការកាត់បន្ថយទំនាស់ដីធ្លីក៏ដោយ ក៏បច្ចុប្បន្ននេះនៅឯស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានក្រុមហ៊ុនឯកជន និងកងទាហានខ្លះនៅតែព្យាយាមបំពានទៅលើដីប្រជាពលរដ្ឋដែលក្រុម និស្សិតស្ម័គ្រចិត្តបានចុះវាស់វែងរួចហើយនោះ។
ប្រជាពលរដ្ឋនៅតាមភូមិមួយចំនួននៃស្រុកត្រពាំងប្រាសាទ កំពុងនាំគ្នាព្រួយបារម្ភចំពោះបញ្ហារំលោភបំពាននេះ ដោយសារតែគេគិតថា អាជ្ញាធរនៅមូលដ្ឋាននឹងមិនអាចជួយដោះស្រាយពួកគេបានលទ្ធផលល្អ ឡើយ។
ក្រុមប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិអូរក្រូច នៃឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បានអះអាងថា ពួកគេជាង ១១០គ្រួសារ កំពុងទទួលរងផលប៉ះពាល់ដោយសារតែក្រុមហ៊ុនវៀតណាម មួយកំពុងប្រើគ្រឿងចក្រជាច្រើនឈូសរំលោភមកលើដីកម្មសិទ្ធិរបស់ពួក គេជាបន្តបន្ទាប់។
ក្រុមអ្នកភូមិទីនោះកំពុងត្រូវការអន្តរាគមន៍ពីមន្ត្រី រដ្ឋាភិបាល ដើម្បីជួយដោះស្រាយ ពីព្រោះតែពួកគេមិនមានលទ្ធភាពរារាំងក្រុមហ៊ុននោះបានឡើយ។
ស្ត្រីឈ្មោះ កែវ ស៊ីម ជាអ្នកភូមិអូរក្រូច នៃឃុំត្រពាំងប្រាសាទ អ្នកស្រីបានមានប្រសាសន៍ថា គាត់មានសមាជិកគ្រួសារចំនួន៤ ដែលកាន់កាប់ផ្ទៃដីចំនួន ២០ហិកតារ ក៏ប៉ុន្តែកាលពីថ្ងៃទី២២ ខែមករា កន្លងទៅ ក្រុមហ៊ុនវៀតណាម បានយកគ្រឿងចក្រឈូសឆាយ រំលោភលើដីរបស់គាត់មួយចំនួន។ ស្ត្រីដដែលបានបញ្ជាក់ថា មិនមែនតែគ្រួសាររបស់គាត់ទេ ដែលទទួលរងការឈូសរំលោភយកដីនោះ គឺប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់ចំនួន ១១០គ្រួសារទៀត ក៏កំពុងទទួលរងការប៉ះពាល់ដូចគ្នានេះដែរ។ ដីដែលក្រុមហ៊ុនឈូសរំលោភយកនោះ គឺក្រុមនិស្សិតស្ម័គ្រចិត្តបានចុះវាស់វែងម្ដងមកហើយ។
អ្នកស្រី កែវ ស៊ីម៖ «ក្រុមហ៊ុនតៃនិញ ឈូសទាំងយប់ទាំងថ្ងៃ។ ឈូសហ្នឹងមាន ២ចំណុច នៅចំណុចអូរដា ហ្នឹងមួយ ក្រោយភូមិអូរក្រូច ហ្នឹងមួយ។ គ្រឿងចក្រទាំងអស់ ១០គ្រឿង ប៉ុន្តែប្រជាពលរដ្ឋហ្នឹងយាមកាមខ្លួនឯងទាំងយប់ទាំងថ្ងៃ។ ពួកខ្ញុំខ្លាចអស់ដីធ្លី ដូចជាអស់សង្ឃឹមយ៉ាងខ្លាំងមិនដឹងថារស់នៅមានន័យអីទៀត បើអស់ដីរលីងទៅហើយ។ បើសិនជាខ្ញុំ ១១៤គ្រួសារ ឡើងទៅសុំសម្ដេចតេជោ មិនដឹងថាតើទៅសុំដោយវិធីណា ដែលចូលដល់? ឥឡូវខ្ញុំបានដាក់ពាក្យបណ្ដឹងហ្នឹងចូលទៅស្រុកឱ្យជួយដោះស្រាយ ហើយស្រុកឃាត់ថា ឱ្យរង់ចាំ ៧ថ្ងៃទៀត ចាំមើលថា តើដោះស្រាយបានឬមិនបាន នឹងអាលឱ្យពួកខ្ញុំទៅលើទៀត»។
No comments:
Post a Comment