Friday, January 18, 2013


មន្ត្រី​តុលាការ​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ថវិកា​ជាង​២​សែន​ដុល្លារ

2013-01-17
ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​រវាង​ចៅក្រម និង​ក្រឡា​បញ្ជី ដែល​អ្នក​ទាំង​ពីរ​កំពុង​តែ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។
RFA/Sok Serey
ស្លាក​សាលាដំបូង​រាជធានី​ភ្នំពេញ
ក្រុម​អ្នក​ច្បាប់ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស បាន​ទាមទារ​ឲ្យ​ស្ថាប័ន​អំពើ​ពុករលួយ ឬ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ពិនិត្យ​មើល​ករណី​កិបកេង​សាច់​ប្រាក់​ជាង ២​សែន​ដុល្លារ ដែល​តុលាការ​បាន​ចោទ​ប្រកាន់​អតីត​ក្រឡា​បញ្ជី​ឈ្មោះ ក្រូច បូរ័ត្ន ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត និង​បទ​ក្លែងបន្លំ​ឯកសារ។ ប៉ុន្តែ​អតីត​ក្រឡា​បញ្ជី​ឈ្មោះ ក្រូច បូរ័ត្ន នេះ បាន​បដិសេធ​នៅ​ក្នុង​អង្គ​សវនាការ​កាល​ពី​ថ្ងៃ​ទី​១៦ មករា ថា ការ​យក​ប្រាក់​ចំនួន ២​សែន ៥​ម៉ឺន​ដុល្លារ​នោះ គឺ​ធ្វើ​តាម​បញ្ជា​របស់​ចៅក្រម​ឈ្មោះ កែ សុខន ដែល​ជា​ចៅហ្វាយ​នាយ​របស់​គាត់។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី រឿង​ក្ដី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​ចម្រូងចម្រាស​មួយ​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ។ បញ្ហា​នេះ ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឬ​តុលាការ​ថ្នាក់​ផ្សេង​ទៀត ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​លាតត្រដាង​អំពី​មន្ត្រី​តុលាការ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​ករណី​បុគ្គលិក​របស់​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ​ទេ។ លោក​ពន្យល់​ថា ការ​ធ្វើ​ដូច្នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​យុត្តិធម៌ និង​ឯករាជ្យ​នោះ​ឡើយ។
ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​អតីត​ក្រឡា​បញ្ជី​ឈ្មោះ ក្រូច បូរ័ត្ន ក្រោម​បទ​ចោទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ចំពោះ​ការ​លួច​លុយ​ចំនួន ២​សែន ៥​ម៉ឺន​ដុល្លារ​អាមេរិក។
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ មករា បាន​សរសេរ​ថា កាល​ពី​ថ្ងៃ​ទី​១៦ មករា លោក ក្រូច បូរ័ត្ន ជា​អតីត​ក្រឡាបញ្ជី​របស់​ចៅក្រម​ឈ្មោះ កែ សាខន នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សារភាព​នៅ​ក្នុង​អង្គ​សវនាការ​ថា លោក​បាន​យក​ប្រាក់​ចំនួន ២​សែន​៥​ម៉ឺន​ដុល្លារ​តាម​បញ្ជា​របស់​ចៅហ្វាយ​នាយ​របស់​លោក គឺ​ចៅក្រម កែ សាខន។ លោក​បញ្ជាក់​ថា ថវិកា​ទាំង​នោះ​លោក​បាន​ទុក​ខ្លួន​ឯង​ខ្លះ និង​បាន​ប្រគល់​ឲ្យ​ចៅក្រម កែ សាខន ចំនួន ១៧.៥០០ (មួយ​សែន​ប្រាំពីរ​ម៉ឺន​​ប្រាំ​ពាន់​ដុល្លារ)។
ទាក់ទង​នឹង​បញ្ហា​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែ សាខន បាន​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ មករា ថា លោក​មិន​បាន​បញ្ជា​ឲ្យ​ក្រឡា​បញ្ជី​របស់​លោក គឺ​លោក ក្រូច បូរ័ត្ន នោះ យក​ប្រាក់​គេ​ទេ។
លោក កែ សាខន អះអាង​ថា កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ លោក ក្រូច បូរ័ត្ន បាន​បន្លំ​ហត្ថលេខា និង​ត្រា​របស់​លោក ដើម្បី​ទទួល​យក​ប្រាក់​សំណង​រឿង​ក្ដី​រដ្ឋប្បវេណី​មួយ ដែល​ភាគី​ចាញ់​ក្ដី​ត្រូវ​សង​ភាគី​ឈ្នះ​ក្ដី ហើយ​លោក ក្រូច បូរ័ត្ន ទទួល​យក​ប្រាក់​ពី​ភាគី​ចាញ់​ក្ដី​បញ្ចូល​ទៅ​ក្នុង​គណនី​ធនាគារ​ផ្ទាល់​ខ្លួន​របស់​លោក ហើយ​ប្រាប់​ទៅ​ភាគី​ឈ្នះ​ក្ដី​ថា លុយ​នោះ​ភាគី​ចាញ់​ក្ដី​មិន​ទាន់​សង​ទេ លុះ​ដល់​ឆ្នាំ​២០១២ ទើប​បែក​រឿង​នេះ។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក ក្រូច បូរ័ត្ន បាន​បដិសេធ​នៅ​ក្នុង​អង្គ​សវនាការ​ថា លោក​មិន​បាន​យក​ត្រា​របស់​លោក កែ សាខន ទៅ​បោះ​លើ​ឯកសារ​ដើម្បី​យក​លុយ​សម្រាប់​ខ្លួន​លោក​ទេ គឺ​លោក​មាន​ការ​ចុះ​ហត្ថលេខា​អនុញ្ញាត​ជា​មុន​ពី​លោក កែ សាខន។
ទោះ​បី​ជា​ការ​ចោទ​ប្រកាន់​គ្នា​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​រវាង​ក្រឡា​បញ្ជី និង​ចៅក្រម ដោយ​ពួក​គាត់​រុញ​ដាក់​គ្នា​យ៉ាង​នេះ​ក្ដី អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ករណី​នេះ​ជា​រឿង​អាថ៌កំបាំង​មួយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​តុលាការ​ទាំង​មូល ពិសេស​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ និង​គ្មាន​ទំនុក​ចិត្ត​មក​លើ​តុលាការ។ បញ្ហា​នេះ​អ្នក​ច្បាប់​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​តែ​ស៊ើប​អង្កេត​អំពី​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់។
ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោកបណ្ឌិត សុក សំអឿន មាន​ប្រសាសន៍​ថា ករណី​នេះ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​តុលាការ​កម្ពុជា និង​រដ្ឋាភិបាល ពីព្រោះ​តុលាការ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​កាន់​អំណាច។ លោក សុក សំអឿន បញ្ជាក់​ថា ដើម្បី​ធានា​សុក្រឹតភាព និង​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​មាន​វិធានការ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។
បន្ថែម​ពី​លើ​នេះ​ទៀត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​មួយ គេ​មិន​ត្រូវ​ឲ្យ​ស្ថាប័ន​នោះ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯង​នោះ​ទេ។ លោក អំ សំអាត បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​មិន​ធានា​លើ​ភាព​យុត្តិធម៌​បាន​នោះ​ឡើយ។
នៅ​ក្នុង​បរិបទ​សង្គម​កម្ពុជា​បច្ចុប្បន្ន អ្នក​វិភាគ​មើល​ឃើញ​ថា ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​មិន​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ពិន័យ ឬ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ប្រព្រឹត្ត​ខុស​របស់​មន្ត្រី​តុលាការ​នេះ​ឡើយ។ នៅ​ត្រង់​ចំណុច​នេះ លោក​បណ្ឌិត សុក សំអឿន បាន​ពន្យល់​ថា នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ គេ​ត្រូវ​តែ​ផ្ដល់​អំណាច​ដល់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។
ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​តែ​បើក​ទំព័រ​ថ្មី​មួយ ឈាន​ទៅ​រក​ការ​បង្ក្រាប​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​បាន​បន្តិច​ម្ដងៗ​ហើយ ហើយ​មន្ត្រី​តុលាការ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​នោះ មាន​ចំនួន ៤​នាក់​រួច​មក​ហើយ រួម​មាន ២​នាក់​ជា​មន្ត្រី​តុលាការ​នៅ​សាលាដំបូង​ខែត្រ​កណ្ដាល ម្នាក់​ជា​ចៅក្រម និង​ម្នាក់​ជា​ក្រឡា​បញ្ជី ព្រះរាជអាជ្ញា​រង​នៅ​ខែត្រ​ព្រះវិហារ និង​ព្រះរាជអាជ្ញា​នៅ​ខែត្រ​ពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុឌ្ឍ ជាដើម។
ដោយ​ឡែក​ក្រឡា​បញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ ឈ្មោះ ក្រូច បូរ័ត្ន នេះ ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា ឆ្នាំ​២០១២។ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ករណី លោក ក្រូច បូរ័ត្ន នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ខាង​មុខ៕

No comments:

Post a Comment