Tuesday, June 19, 2012

ការ​ប្រឈម​របស់​ពលរដ្ឋ​ក្រោយ​បណ្ដេញ​ចេញ​ពី​បុរី​កីឡា​នៅ​ភ្នំ​ឧត្តុង្គ

ដោយ ម៉ម មុនីរតន៍

2012-06-17
ក្រោយ​ពី​ការ​បណ្ដេញ​ចេញ​ពី​បុរី​កីឡា ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២។ ប្រជាពលរដ្ឋ​ប្រមាណ ៣៤​គ្រួសារ ក្នុង​ចំណោម​ជាង ១០០​គ្រួសារ​ដែល​បន្ត​រស់​នៅ​ក្រោម​តង់​រកេត​រកូត ស្ថិត​នៅ​ខាង​លិច​ភ្នំ​ឧត្តុង្គ ក្នុង​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។
RFA/Chivita
៨-មករា-២០១២៖ អតីត​អ្នក​រស់​នៅ​បុរី​កីឡា មក​តាំង​ទីលំនៅ​ថ្មី នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល បន្ទាប់​ពី​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ប្រើ​ហិង្សា​បណ្ដេញ​ចេញ​ពី​លំនៅ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២។

ពលរដ្ឋ​បាន​ត្អូញត្អែរ​ថា ពួក​គេ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​ខ្វះ​អាហារ​ហូប​ចុក និង​សម្ភារៈ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ដូច​ជា​តង់​សម្រាប់​ធ្វើ​ជា​ជម្រក​ជា​ដើម​មិន​គ្រប់​គ្រាន់ ព្រោះ​រដូវ​កាល​នេះ គឺ​កៀក​នឹង​រដូវ​វស្សា​ថែម​ទៀត​ផង។
បញ្ហា​នេះ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​ទាំង​នេះ​ត្រូវ​ចំណាយ​ពេល​ដើម្បី​ស្ដារ​សម្បទា​ឡើង​វិញ យ៉ាង​ហោច​ណាស់​ក៏ ២​ឆ្នាំ​ទៀត​ដែរ។
លោក អ៊ុំ អារុណ៖ «ចំណុច​សំខាន់​របស់​ខ្ញុំ គឺ​ចង់​ឲ្យ​ក្រុមហ៊ុន​ហ្នឹង ដែល​បញ្ជូន​គ្នា​មក៍ មក​ដោះ​ស្រាយ​ឲ្យ​ហ្មង​ទៅ ហើយ​បើ​ថា​មិន​បាន​ទេ ប្រាប់​ថា​មិន​បាន​ឲ្យ​គ្នា​នៅ​រង់​ចាំ...»
ក្រុម​អតីត​អ្នក​បុរី​កីឡា​ប្រាថ្នា​ចង់​បាន​ការ​ពន្លឿន​ដំណោះ​ស្រាយ នូវ​គោល​នយោបាយ​ផ្តល់​ប្លង់​ដី​មួយ ដ៏​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូច​អ្វី​ដែល​ក្រុមហ៊ុន ផានអ៊ីម៉ិច ធ្លាប់​សន្យា​ជាមួយ​នឹង​ពលរដ្ឋ​នៅ​មុន​ការ​បណ្ដេញ​ចេញ​ពី​បុរី​កីឡា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ថា​នឹង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី ទៅ​តាម​ការ​ទាម​ទារ​របស់​ពលរដ្ឋ នៅ​ពេល​ណា​ដែល​ពួក​គេ​ព្រម​ចាក​ចេញ​ពី​ប្លុក​បុរី​កីឡា​នោះ។
បើ​ទោះ​ជា​បែប​នេះ​ក្តី លោក អ៊ុំ អារុណ បាន​រៀប​រាប់​ថា តែ​ចាប់​តាំង​ពី​ក្រុមហ៊ុន ផានអ៊ីម៉ិច របស់​លោក​ស្រី ស៊ុយ សុផាន បណ្ដេញ​ពលរដ្ឋ​ចេញ​តាម​គោល​បំណង​ហើយ​នោះ អ៊ុំ អារុណ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​ហាក់​មិន​ខ្វាយ​ខ្វល់​ចំ​ពោះ​ការ​សន្យា​របស់​ខ្លួន ពោល​គឺ​ទុក​ឲ្យ​ពលរដ្ឋ​រស់​ទាំង​ទុក្ខ​វេទនា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ នេះ។
លោក អ៊ុំ អារុណ៖ «មក៍​ពី​ដំបូង​ហ្នឹង គាត់​ថា គាត់​ចែក​ដី​ឲ្យ​នៅ​ហ្នឹង គេ​នឹង​ផ្តល់​ស្បៀង ហើយ​និង​ថវិកា​ខ្លះៗ។ ប៉ុន្តែ​ដល់​ពេល​ក្រោយ​មក ដល់​គាត់​អត់​មាន​ចែក​ដី​ឲ្យ​ផង ថា​នៅ​រង់​ចាំ ហើយ​បើ​និយាយ​ពី​ផល​លំបាក​វិញ គឺ​លំបាក​ខ្លាំង​ណាស់​បង ពេល​ដែល​ខ្យល់​មក​ហ្នឹង យើង​មាន​តែ​តង់​ហើយ​អា​ខ្យល់​ហ្នឹង​នៅ​ពេល​ដែល​មក​ហ្នឹង វា​ប៉ើង ហើយ​ទឹក​ភ្លៀង​មក​គ្មាន​កន្លែង​ឲ្យ​កូន​ដេក»
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ លោក ទូច ខន ដែល​ត្រូវ​គេ​ដឹង​ថា ជា​តំណាង​អតីត​អ្នក​បុរី​កីឡា លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា ក្រៅ​ពី​ការ​រស់​នៅ​ក្រោម​តង់​ដែល​ប្រឈម​មុខ​ទៅ​នឹង​ខ្យល់​ព្យុះ និង​រដូវ​ភ្លៀង​ផង លោក​ថា លើស​ពី​នេះ​ពល​រដ្ឋ​កំពុង​តែ​ជួប​បញ្ហា​មួយ​ចំនួន ដូច​ជា​ខ្វះ​ស្បៀង​អាហារ​សម្រាប់​ផ្គត់​ផ្គង់​ប្រ​ចាំ​ថ្ងៃ ដោយ​សារ​ពលរដ្ឋ​ដែល​មាន​កម្លាំង​គ្រប់​គ្រាន់ ពុំ​អាច​ចេញ​ទៅ​​រក​ការ​ងារ​ធ្វើ​បាន ព្រោះ​តែ​បន្ត​រង់​ចាំ​ទទួល​ប្លង់​ដី​ដែល​ក្រុមហ៊ុន​របស់​លោក​ស្រី ស៊ុយ សុផាន សន្យា​ថា​នឹង​ផ្តល់​ឲ្យ​ពលរដ្ឋ។ លោក​បន្ត​ថា ស្រប​ពេល​ជីវភាព​កំពុង​ខ្វះ​មុខ​ខ្វះ​ក្រោយ​នៅ​ពេល​នេះ ដោយ​ឡែក​មនុស្ស​ចាស់ និង​កុមារ​កំពុង​ទទួល​រង​ការ​រាតត្បាត​ដោយ​ជំងឺ​ថែម​ទៀត​ផង។
លោក ទូច ខន៖ «បាទ! ឥឡូវ​ហ្នឹង​កំពុង​ប្រ​ឈម​មុខ​ខ្លាំង ដោយ​ក្មេង​ក៏​ឈឺ​ច្រើន ហើយ​នឹង​ដាច់​ស្បៀង​បន្ត។ សុទ្ធ​តែ​បាន​ដាច់​ហើយ ដោយ​សារ​មាន​អំណោយ​សប្បុរសជន​ជួយ​មួយ​ប្រាវ​មក»
ជុំវិញ​បញ្ហា​នេះ បុគ្គលិក​កម្មវិធី​សង្គម​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) ដែល​តែង​ផ្គត់​ផ្គង់​ស្បៀង​អាហារ និង​សម្ភារៈ​ប្រើ​ប្រាស់ គឺ​លោក សំរិទ្ធ ចន្ថា លោក​គិត​ថា តម្រូវ​ការ​របស់​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​នោះ គឺ​ពិត​ជា​ប្រឈម​បញ្ហា​ខ្ពស់​នៅ​ឡើយ។ លោក​បន្ត​ថា ករណី​នេះ​ទាម​ទារ​នូវ​ការ​គាំពារ​បន្ថែម​ទៀត​ពី​ស្ថាប័ន និង​សប្បុរស​ជន​នានា។
លោក សំរិទ្ធ ចន្ថា៖ «អញ្ចឹង អើ​បញ្ហា​ប្រឈម​របស់​គាត់​ហ្នឹង​គិត​ប្រឈម​ច្រើន ហើយ​គាត់​មាន​តម្រូវ​ការ​ឲ្យ​អង្គការ​ផ្សេងៗ​ហ្នឹង​ឲ្យ​ជួយ​បន្ត​ទៅ​ទៀត​ ច្រើន»
របាយការណ៍​របស់​អង្គការ​នៃ​ក្រុម​ការ​ងារ​ពិសេស សិទ្ធិ​លំនៅ​ឋាន ឲ្យ​ដឹង​ថា នៅ​មុន​ការ​បណ្ដេញ​ចេញ​ពី​បុរី​កីឡា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ពលរដ្ឋ​នៅ​សេស​សល់​ដែល​មាន​ឈ្មោះ​ត្រូវ​ឡើង​រស់​នៅ​អាគារ​ទី​៩ និង​ទី​១០ ដែល​ក្រុមហ៊ុន​ផ្តល់​ឲ្យ​ប្រមាណ​ជាង ៣០០​គ្រួសារ។ តែ​ក្នុង​ពេល​ឈូស​ឆាយ មាន​ពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ​ព្រម​ចាក​ចេញ​ទៅ​រស់​នៅ​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល តាម​ការ​សន្យា​របស់​ក្រុមហ៊ុន​ថា នឹង​ផ្តល់​ដី​ឲ្យ​គ្រប់​ចំនួន​គ្រួសារ។ ចំណែក​ជាង ១០០​គ្រួសារ​ផ្សេង​ទៀត នៅ​ក្រាញ​ននៀល​មិន​ចាក​ចេញ និង​បន្ត​ការ​តវ៉ា​ទាម​ទារ​នូវ​អ្វី​ដែល​ពួក​គេ​គិត​ថា អាគារ​ទី​៩ និង​ទី​១០ ជា​ចំណែក​ដែល​ក្រុមហ៊ុន​នៅ​ជំពាក់​នៅ​ឡើយ​នោះ។
ជុំវិញ​បញ្ហា​នេះ តំណាង​ពលរដ្ឋ គឺ​លោក ទូច ខន ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​គេ​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​ភ្នំ​ឧត្តុង្គ ចំពោះ​អ្នក​ដែល​មាន​សិទ្ធិ​ទទួល​បាន​ប្លង់​ដី មាន​តែ ៩៩​គ្រួសារ ចំណែក ៣៤​គ្រួសារ​ផ្សេង​ទៀត កំពុង​បន្ត​រស់​នៅ​ក្រោម​តង់​នៅ​ឡើយ។
ករណី​នេះ​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច គឺ​អ្នក​ស្រី ស៊ុយ សុផាន ពន្យល់​ថា ពលរដ្ឋ​ដែល​បន្ត​រស់​នៅ​ក្រោម​តង់​ចំនួន​ជាង ៣៤​គ្រួសារ​នោះ គឺ​ពុំ​មាន​សិទ្ធិ​ណា​មួយ ដែល​អាច​ទទួល​បាន​ប្លង់​ដី​ពី​ក្រុមហ៊ុន​របស់​អ្នក​ស្រី​នោះ​ទេ។ ក្នុង​ន័យ​នេះ ក្រុមហ៊ុន​ចាត់​ទុក​ថា ពលរដ្ឋ​ទាំង​នោះ គឺ​ចូល​ទៅ​រស់​នៅ​ដោយ​បន្លំ និង​ពុំ​មាន​ឯក​សារ​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់។
អ្នក​ស្រី ស៊ុយ សុផាន៖ «ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​មាន​ ឈ្មោះ​អាច​ចូល​បាន ចូល​អស់​ហើយ​តើ ៣០​នាក់​ហ្នឹង សុទ្ធ​តែ​អ្នក​បំបែក​គ្រួសារ​ពី​បុរី​កីឡា ឬ​ក៏​ពី​ខាង​ក្រៅ​ចូល​មក​អញ្ចឹង​ខ្ញុំ​ឲ្យ​ឃើញ​ថា វា​អត់​យុត្តិធម៌​ចំពោះ​អ្នក​ដែល​ត្រូវ​បាន»
ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ លោក​មាន​ប្រ​សាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា គ្រប់​បញ្ហា​ដែល​កើត​មាន សាលា​រាជធានី​ភ្នំពេញ​នឹង​បន្ត​ដោះ​ស្រាយ​តាម​ដំណាក់​កាល មិន​បណ្ដែត​បណ្តោយ​ទុក​ឲ្យ​ទុំ​ជោរ​នោះ​ទេ។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​បន្ត​ការ​អត់​ធ្មត់​ចំពោះ​បញ្ហា​បន្តិច ព្រោះ​យន្តការ​ក្នុង​ការ​ដោះ​ស្រាយ ត្រូវ​ប្រើ​ប្រាស់​ពេល​វេលា។
លោក កែប ជុតិមា៖ «គោលការណ៍​របស់​យើង គឺ​ឲ្យ​គាត់​នៅ ៥ឆ្នាំ បាន​យើង​ឲ្យ​កម្ម​សិទ្ធិ​គាត់។ ឥឡូវ​នេះ ខ្ញុំ​នឹង​ធ្វើ​ថ្នល់​ទៅ​កន្លែង​គាត់ ឲ្យ​គាត់​អត់​ធ្មត់​តិច បាន​គ្រប់​កន្លែង​ទាំង​អស់​កាល​ណា​ទៅ​ដល់​ភ្លាម មិន​អាច​យើង​ទៅ​ធ្វើ​ស្អីៗ​ជូន​គាត់​ភ្លាម​បាន​ទេ»
បើ​យ៉ាង​នេះ​ក្តី លោក សៀ ភារម្យ នាយក​លេខាធិការ​ដ្ឋាន​នៃ​ក្រុម​ការ​ងារ​ពិសេស សិទ្ធិ​លំ​នៅ​ឋាន លោក​ហៅ​ចំណាត់​ការ​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ​ថា គឺ​ជា​ផ្នែក​មួយ​ដើម្បី​ទាក់​ទាញ​ទឹក​ចិត្ត​របស់​ពលរដ្ឋ​នៅ​មុន​ការ​បោះ​ ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ខាង​មុខ​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ លោក​ចាត់​ទុក​ថា នេះ​ពុំ​មែន​ជា​ឆន្ទៈ និង​គោល​នយោបាយ​ដ៏​ពិត​ប្រាកដ ក្នុង​ចេតនា​ស្វែង​រក​ដំណោះ​ស្រាយ​នោះ​ទេ។
លោក សៀ ភារម្យ៖ «ប៉ុន្មាន​អាណត្តិ​មក​ហើយ ពេល​ដែល​គណបក្ស​ប្រជាជន​គាត់​ទទួល​បាន​ការ​គាំទ្រ​ដ៏​ច្រើន​លើស​លប់​ហើយ អើ​ការ​សន្យា​ដូច​ជា​សម្ដេច​នាយក​រដ្ឋមន្ត្រី ទើប​តែ​នឹង​ចេញ​នូវ​ការ​ប្រកាស អើ​ឲ្យ​បញ្ចប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​អី​ទាំង​អស់​ហ្នឹង ហើយ​ទន្ទឹម​ការ​ឲ្យ​បញ្ចប់​ហ្នឹង​ក៏​មាន​ស៊ីញេ​ឲ្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ ថ្មីៗ​ហ្នឹង​ទៀត​មុន​នឹង​ការ​បោះ​ឆ្នោត»
អង្គការ​សង្គម​ស៊ីវិល​ដែល​ពិនិត្យ និង​ឃ្លាំ​មើល​ជម្លោះ​ដី​ធ្លី​នៅ​កម្ពុជា រក​ឃើញ​ថា បញ្ហា​ចំបង​កើត​ចេញ​ពី​កត្តា​ធំៗ​ចំនួន​២ ក្នុង​នោះ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​ពុំ​បាន​សិក្សា​ពី​ផល​ប៉ះ​ ពាល់​ជា​មុន​ជា​មួយ​ដៃ​គូរ​ពាក់​ព័ន្ធ និង​ទី​២ ជា​ឆន្ទៈ​នយោបាយ​ពុំ​បាន​ធានា​នូវ​ការ​រីក​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​របស់​ ពលរដ្ឋ​នៅ​តាម​ជន​បទ។
ទាក់​ទិន​បញ្ហា​នេះ​លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​ឯករាជ្យ​ជាន់​ខ្ពស់​នៃ​ក្រុម​អ្នក​ស្រាវ​ជ្រាវ អេ.អ.ធី (ART) មាន​ប្រ​សាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ថា ហេតុ​ផល​ដែល​នាំ​ឲ្យ​មាន​ជម្លោះ និង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​យឺត​នោះ ក៏​ព្រោះ​តែ​គោល​នយោបាយ និង​ច្បាប់​បទដ្ឋាន​នានា ដែល​តាក់​តែង​ឡើង​ដោយ​រដ្ឋាភិបាល​មិន​បាន​គាំពារ​សម្រាប់​អ្នក​ក្រីក្រ។
លោក កែម ឡី៖ «ប៉ូលិស​ទាំង​មន្ត្រី​រាជការ​នានា គាត់​ចាប់​ផ្ដើម​រក​ស៊ី គាត់​ចាប់​ផ្ដើម​បើក​ក្រុមហ៊ុន​ឲ្យ​កូន​ប្រពន្ធ​របស់​គាត់ ភាគ​ច្រើន​ចាប់​ផ្ដើម​បើក​ក្រុម​ហ៊ុន។ នៅ​ពេល​ហ្នឹង​ហើយ គោល​នយោបាយ​ទាំង​ឡាយ ច្បាប់​ទាំង​ឡាយ​ណា​ដែល​យើង​ឃើញ ច្រើន​តែ​មាន​និន្នាការ​ទៅ​រក គេ​ហៅ​ថា​គាំទ្រ​ប្រូ​រិច ផូលីស៊ី (Pro Rich Policy) គោល​នយោបាយ​គាំពារ​អ្នក​មាន។ យើង​ឃើញ​នយោបាយ ២ គឺ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សម្បទាន​សង្គម​កិច្ច អនុម័ត​នៅ​ឆ្នាំ​២០០៥ ដែល​ជា​អនុក្រឹត្យ។ គោល​នយោបាយ ប្រូ​រិច ផូលីស៊ី (Pro Rich Policy) គាំទ្រ​អ្នក​មាន​ហ្នឹង​ដើរ​លឿន​ណាស់ ដែល​រហូត​មក​ដល់​ពេល​នេះ​ជាង ២​លាន​ហិកតារ ដែល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។ ប៉ុន្តែ បើ​ដី​សម្បទាន​សង្គម​កិច្ច​សម្រាប់​ជួយ​អ្នក​ក្រីក្រ អ្នក​វេទនា ជន​ពិការ​សោធន​និវត្តន៍​វិញ យើង​ឃើញ​ថា មាន​តិច​តួច​បំផុត​ស្ទើរ​តែ​តួ​លេខ​ហ្នឹង ពិបាក​នឹង​រាប់ ហើយ​ដែល​រដ្ឋាភិបាល​កំពុង​តែ​ដើរ​រយៈ​ពេល ១០​ឆ្នាំ​ហើយ ឥឡូវ​នេះ​ដើរ​ត​ទៅ​មុខ​ទៀត»
វិល​មក​រក​ពលរដ្ឋ​ដែល​បន្ត​រង់​ចាំ​ដំណោះ​ស្រាយ​គោល​នយោបាយ​របស់​ ក្រុមហ៊ុន​នូវ​ប្លង់​ដី​វិញ ពួក​គេ​ប្រាថ្នា​ចង់​ឃើញ​ចំណាត់​ការ​របស់​ក្រុមហ៊ុន ផានអ៊ីម៉ិច របស់​លោក​ស្រី ស៊ុយ សុផាន ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ឡូត៍ ដល់​ពួក​គេ​ឲ្យ​ឆាប់​តាម​ការ​សន្យា​របស់​ក្រុមហ៊ុន​នៅ​មុន​ការ​បណ្ដេញ​ចេញ កាល​ពី​ដើម​ឆ្នាំ​២០១២។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ ក្រុម​ពលរដ្ឋ​អំពាវ​នាវ​អង្គការ​ជាតិ អន្តរ​ជាតិ និង​បណ្ដា​សប្បុរស​ជន​បន្ត​ជួយ​គាំពារ​ជា​ស្បៀង​អាហារ និង​សម្ភារៈ​ប្រើប្រាស់ ខណៈ​ពួក​គេ​កំពុង​ជួប​បញ្ហា​លំបាក​ដោយ​នៅ​រង់​ចាំ​គោល​នយោបាយ​នៅ​ឡើយ​នោះ៖ «ចង់ ​អើ​អំពាវ​នាវ​ទៅ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល មេត្តា​ជួយ​ចុះ​ដោះ​ស្រាយ ឬ​ក៏​ជួយ​ផ្តល់​ជា​អំណោយ …»

ការ​ប្រឈម​របស់​ពលរដ្ឋ​ក្រោយ​បណ្ដេញ​ចេញ​ពី​បុរី​កីឡា​នៅ​ភ្នំ​ឧត្តុង្គ

No comments:

Post a Comment